អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន រួមទាំងសិក្ខាកាមទាំងអស់ ត្រូវស្មោះត្រង់ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតរាល់ឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត

0

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន ក្រើនរំលឹករបស់អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានធ្វើឡើងក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង និងបើកវគ្គហ្វឹកហ្វឺនក្បាច់គុន កងយោធពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ សម្រាប់ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីបញ្ជាការវរសេនាតូចលេខ១ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

ពិធីបិទវគ្គហ្វឹកហ្វឺន និងបើកវគ្គហ្វឹកហ្វឺនក្បាច់គុន កងយោធពលខេមរភូមិន្ទ នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការ មេបញ្ជាការរង នាយ-នាយរងសេនាធិការ ​តំបន់ប្រតិបត្តិការសឹងរងខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនរូបទៀត។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែងថា ការបិទវគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន និងវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង យុទ្ធវិធីថ្មើរជើង ថ្នាក់ពួក ក្រុម កងអនុសេនាតូច ដែលមានរយៈពេល ៩១ថ្ងៃ (០៣សីហា-០១វិច្ឆិកា២០២៤) បានបិទបញ្ចប់ ប្រកបដោយជោគជ័យ និងគួរជាទីមោទនៈ ដោយមានគោលការណ៍ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយប្រសិទ្ធិភាព ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលជានិច្ចជាកាល តែងតែផ្តល់នូវការរំលឹកដាស់តឿន ទំនុកបំរុងឧបត្ថម្ភនានា លើការងារហ្វឹកហ្វឺន បំប៉នជំនាញគ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ហ្វឹកហ្វឺនជាប្រចាំ សំដៅធ្វើឱ្យកងទ័ពមានសមត្ថភាព គុណភាព និងប្រសិទ្ធភាព ក្នុងការដឹកនាំបញ្ជា សម្រេចបានជោគជ័យនាពេលនេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានបន្តថា នៅខណៈនេះអង្គភាពតំបន់សឹករងខេត្ត បានបន្តបើកវគ្គហ្វឹកហ្វឺនម្ចាស់ការ ក្បាច់គុនកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង និងពលទាហាន រយៈពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី២១វិច្ឆិកា២០២៤ ដល់ថ្ងៃទី៤មករា២០២៥ ទើបត្រូវបានបិទបញ្ចប់វគ្គ ដែលមានការចូលរួមពី គណៈកម្មការគ្រប់គ្រងវគ្គ ១០នាក់ យោធាចារ្យ ១២នាក់ កម្មសិក្សាការី ១០០នាក់ សរុប នៅក្នុងវគ្គហ្វឹកហ្វឺនក្បាច់គុននេះ មានចំនួន ១២២នាក់។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍ថា ថ្វីត្បិតតែប្រទេសយើងមានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងកម្លាំង ទាំងសមត្ថភាពចំណេះដឹង ជំនាញ និងការពង្រឹងនូវកាយសម្បទាឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន គឺពិតជាមានសារៈសំខាន់ និងត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដូចមានក្នុងទិសស្លោក “កងកម្លាំង គឺត្រូវមានកម្រិតយល់ដឹងខ្ពស់ មានកាយសម្បទារឹងមាំ ស្វាហាប់ និងរហ័សរហួនជាប់ជានិច្ច” ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ដោះស្រាយ នូវគ្រប់សភាពការណ៍ផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ។

លោកអភិបាលខេត្តព្រះវិហារ គីម រិទ្ធី បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្ត ក្នុងការហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាពយោធា លើកិច្ចការងារការពារបូរណភាពទឹកដី ការចូលរួមក្នុងកិច្ចការងារសង្គមធម៌ មនុស្សធម៌ និងការទប់ស្កាត់ បង្ក្រាបបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន ដែលជាបទល្មើសឆ្លងដែនខុសច្បាប់ បានយ៉ាងល្អប្រសើរ។

លោកអភិបាលខេត្តព្រះវិហារ បានក្រើនរំលឹកដល់កងទ័ព ពិសេសសិក្ខាកាមទាំងអស់ ត្រូវមានទស្សនៈស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតរាល់ឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត កុំជឿតាមការញុះញ៉ុង ក្នុងចេតនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ត្រូវគោរពវិន័យ និងបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ហើយត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រគ្រប់មុខវិជ្ជា ដែលគ្រូបានឧទ្ទេសនាមទាំងនៅក្នុងថ្នាក់ និងនៅលើទីលានហ្វឹកហាត់ និងបន្តខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការរបស់ថ្នាក់លើ ជាពិសេសការបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំតាមផែនការ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងត្រូវត្រៀមខ្លួនជានិច្ចអនុវត្តរាល់បទបញ្ជា ដែលថ្នាក់លើប្រគល់ជូន៕ដោយ៖ឡុង សំបូរ