(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ថវិកាបូជាសព ចំនួន ៤៧ ,១២៥,០០០ រៀល របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ ជូនគ្រួសារសព យោធិនពលីមរណៈ ចំនួន ២គ្រួសារ នៅអង្គភាពកងវរសេនាតូចលេខ១ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
លោកវរសេនីយ៍ទោ កែវ សុធា នាយការិយាល័យទី៥ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានអនុក្រឹត្យ លេខ២១៨ អនក្រ ប ក ស្ដីពីការកែសម្រួលមាត្រា៧ ជំពូកទី៣ នៃអនុក្រឹត្យលេខ ០៨ អ ន ក្រ ប ក ស្ដីពីរបបឧបត្ថម្ភថវិកាចំពោះយោធិនពលីមរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការរបស់រាជរដ្ឋាភិបាល ដែលត្រូវបានផ្ដល់ជូនដល់គ្រួសារសពចំនួន ២គ្រួសារ គឺទី១ គ្រួសារសពលោក អនុសេនីយ៍ឯក ភោគ ផើយ និងទី២ គ្រួសារសពលោកព្រិន្ទបាលឯក វ័ន្ត វុយ ស្ថិតនៅក្នុងអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយជាមួយនិងក្រុមគ្រួសារសពចំពោះការបាត់បង់យោធិនទាំងពីររូបដែលជាស្វាមី ជាឪពុក ជាជីតា ដែលបានទទួលមរណភាព នាពេលកន្លងទៅ នឹងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធសពលោកទាំងពីរ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបច្ចុប្បន្នបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងការពារជាតិ បានខិតខំគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវគោលនយោបាយនានាជួយដល់យោធិននិងក្រុមគ្រួសារយោធិន ឱ្យទទួលបាននូវគោលរបប និងការជួយឧបត្ថម្ភផ្សេងៗ ដើម្បីធានាដល់ជីវភាពរស់នៅរបស់យោធិន និងក្រុមគ្រួសារយោធិនបានសមរម្យ ។
ក្រុមគ្រួសារសព យោធិនពលីមរណៈទាំងពីររូប បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់រៀបចំប្រាក់ឧបត្ថម្ភគោលនយោបាយចំពោះយោធិនពលីមរណៈបង្កស្លាប់ ពិការ និងបាត់ខ្លួន បានសមរម្យដើម្បីមានលទ្ធភាពក្នុងការរៀបចំពិធីបុណ្យសព បានល្អប្រសើរ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែនិងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទវេហាស៍