តុលាការខេត្តស្ទឹងត្រែង ឃុំខ្លួនជនសង្ស័យជាតិខ្មែរ ២នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ២០ដុំធំ នៅស្រុកថាឡាបរិវ៉ាត់

0

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យជនជាតិខ្មែរ ២នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ២០ដុំធំ ត្រូវបានតុលាការខេត្តស្ទឹងត្រែង សម្រេចចេញដីកាឃុំខ្លួនហើយ នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើការសាកសួរពេញ ១ថ្ងៃ និងបន្ទាប់ពី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ សហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត រួមទាំងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក៧០១ ឃាត់ខ្លួននៅចំណុចគោលដៅព្រៃសហគមន៍ ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នោះមក។

ជនសង្ស័យទាំង ២នាក់ ដែលត្រូវបានតុការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួននៅល្ងាចថ្ងៃម្សិលមិញនោះ ១-ឈ្មោះ វ៉ា ចិន្តា ភេទប្រុស អាយុ ៣០ឆ្នាំ និង ២-ឈ្មោះ នឿន ចាន់រ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទាំងពីរនាក់ មានទីលំនៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដូចគ្នា ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញចាប់ខ្លួន ក្រោយការឆែកឆេររកឃើញ វត្ថុតាងជាគ្រឿងញៀនចំនួន ២០ដុំ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ។

វត្ថុតាងដែលដកហូតបាន រួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២០ដុំ ម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃ ០២គ្រឿង ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញគ្រឿងញៀន កំពុងបន្តនីតិវិធីរបស់ខ្លួន ដើម្បីកំណត់មុខសញ្ញាតាមរកចាប់បក្ខពួក ជនសង្ស័យជួញដូរគ្រឿងញៀនជាបន្តទៀត ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖ឡុង សំបូរ