(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅ របស់ក្រុមគ្រួសារអតីតយុទ្ធជននៅតាមខ្នងផ្ទះនីមួយៗ ដែលពួកគាត់បានរស់នៅលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ត្រូវបានរៀបចំចាប់ឆ្នោតទទួលបានដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារចំនួន១ហិកតាកន្លះ និងផ្ទះថ្មីមួយខ្នងទំហំ៥ម៉ែត្រគុណនិង៧ ម៉ែត្រ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដែលមកដល់ពេលនេះមានរយៈពេលជាង៣ឆ្នាំមកហើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ក្រុមគ្រួសារអតីតយុទ្ធជននីមួយៗ បានខិតខំកសាងជីវភាពថ្មី លើដីសម្បទានសង្គមកិច្ច ដោយបានដាំដំណាំបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ រួមផ្សំជាមួយនឹងប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ធ្វើឲ្យជីវភាពរស់នៅបានល្អប្រសើរ។ ហើយជាមួយនោះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានជួយឧបត្ថម្ភនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដើម្បីជួយដោះស្រាយជីវភាពក្នុងពេលកសាងជីវភាពថ្មី តាមរយៈប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជាបន្តបន្ទាប់ផងដែរ។
ក្រុមគ្រួសារអតីតយុទ្ធជន ទាំងចំនួន១៤១ គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច នៅពេលនេះ បានថ្លែងនូវការគោរពដឹងគុណជានិច្ច ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលជានិច្ចកាលបានលើកទឹកចិត្ត ផ្ដល់ភាពកក់ក្តៅ ព្រមទាំងបានជួយដោះស្រាយនូវរាល់ការលំបាក ជូនបងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា៕