គិតមកដល់ពេលនេះ កម្ពុជាបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួនជាង៣លានគ្រាប់

0

សៀមរាប៖ ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០២៤នេះបានរៀបចំពិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាធ្លាប់ជាទឹកដីនៃសន្តិភាព ក្រោយមកកម្ពុជាបានធ្លាក់ចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយនៃសង្គ្រាមត្រជាក់ កាលពី៥៤ឆ្នាំ ក្នុងទឹកដីដែលពោរពេញដោយសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យ ដូចជា ប្រាសាទអង្គរវត្តបានឆ្លងកាត់នៅសោកនាកម្មដែលគួរឱ្យសោកសង្រេងបំផុត រួមមាន ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរជាច្រើនលើក អំពើប្រល័យពូជសាសន៍និងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ ប្រជាជនកម្ពុជារាប់លាននាក់បានបាត់បង់ជីវិត ហើយផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡារបស់កម្ពុជា ត្រូវបានកាប់រាយប៉ាយដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះផ្សេងទៀតនៃសង្គ្រាម ។

សម្តេចធិបតី បានថ្លែងថា កម្ពុជាបានប្រែក្លាយប្រវត្តិសាស្ត្រសោកនាដកម្មរបស់ខ្លួន ទៅជាមេរៀនដ៏មានអានុភាពសម្រាប់ពិភពលោក ដែលបានតស៊ូមតិប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលវិបាករយៈពេលវែងរបស់មីន ។

សម្តេចធិបតី បានបន្តថា អាថ៌កំបាំងដ៏ខ្មៅងងឹតអំពីគ្រាប់មីន បើទោះបីជាកម្ពុជាបានសម្រេចសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ក៏ដោយ ក៏ស្រមោលនៃគ្រាប់មីននៅតែបន្តកើតមាន និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងដំណើរការស្ដារឡើងវិញក្រោយសង្គ្រាម ប្រជាជនមិនអាចរស់នៅនិងបន្តជីវភាពដូចប្រក្រតីនោះទេ ដោយសារទឹកដីកម្ពុជានៅតែរងការបំផ្លិចបំផ្លាញដោយសារគ្រាប់មីន ហើយការកសាងប្រទេសឡើងវិញក៏ត្រូវប្រឈមផងដែរ ខណៈដែលមាននៅតែបន្តរារាំងដល់ការអភិវឌ្ឍនិងសមាហរណកម្មជាតិ ។ ប្រាកដណាស់ ទាំងអ្នកវិនិយោគ ភ្ញៀវទេសចរណ៍ ក៏មិនមកប្រទេសដែលមានសញ្ញាក្រហមថា ប្រយ័ត្នគ្រាប់មីននោះទេ ។

សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួនជាង៣លានគ្រាប់ បោសសម្អាតមីនលើផ្ទៃដីជាង៣ពាន់គីឡូម៉ែត្រក្រឡា ដែលបានប្រែក្លាយរាជធានីខេត្តចំនួន១៥ក្នុងចំណោម២៥ ទៅជារាជធានី ខេត្តអស់មីន ចំនួនជនរងគ្រោះក៏បានធ្លាក់ចុះក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។  ប្រមាណ៨០ភាគរយនៃផ្ទៃដីត្រូវបានយកទៅប្រើប្រាស់លើវិស័យកសិកម្ម ចំណែកផ្ទៃដីដែលសេសសល់ត្រូវបានប្រើប្រាស់សម្រាប់លំនៅឋាន និងការអភិវឌ្ឍ រួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់បង្កើនការតភ្ជាប់ទូទាំងប្រទេស ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជារីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ៕