លោក អ៊ុនចាន់ដា អញ្ជើញប្រកាសផ្ទេរភារកិច្ច​ និងតែងតាំង លោក ប៊ិន ឡាដា ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ​

0

កំពង់ចាម : លោក អ៊ុនចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណបក្សខេត្តកំពង់ចាម បានអញ្ជើញប្រកាសផ្ទេរភារកិច្ច​ និង​តែងតាំង លោក ប៊ិន ឡាដា ជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ​ ជំនួស​លោក ស៊ឹម គង់ ដែលត្រូវទទួលភារកិច្ចថ្មី ។ ពិធីនេះត្រូវបានធ្វើឡើង នារសៀលថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ​ ដោយមានការចូលរួមពី គណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណបក្សស្រុក/ឃុំ និងសមាជិក សមាជិកាជាច្រើនរូបទៀត ។

បន្ទាប់ពីទទួលនូវការតែងតាំងថ្មី លោក ប៊ិន ឡាដា បានឡើងធ្វើការថ្លែងអំណរគុណចំពោះ លោក អ៊ុន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ជាពិសេស សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់នូវជំនឿទុកចិត្តលើរូបលោក ឱ្យទទួលមុខតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ​ ហើយលោកក៏បានធ្វើការប្តេជ្ញាចិត្តថា នឹងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស សំដៅពង្រឹង ធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យកាន់តែរឹងមាំ ព្រមទាំងខិតខំប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័ន ដើម្បីជំរុញការស្តារ កសាង ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឱ្យមានការរីកចម្រើន បន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាជំហានៗ ស្របតាម គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល អាណត្តិទី៧ នេះផងដែរ ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បាន ណែនាំដល់អាជ្ញាធរស្រុកស្រីសន្ធរ​ ជាពិសេសលោក ប៊ិន ឡាដា បន្ទាប់ពីបានទទួលភារកិច្ចថ្មីនេះ ត្រូវយកចិតទុកដាក់ខ្ពល់ លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អ ពិសេសគឺបន្តរួមគ្នា អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តអនុវត្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ការលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន និងអំពើអនាចារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ជាមួយគ្នានោះ លោកប្រធានគណបក្សខេត្ត ក៏បានជំរុញឱ្យបន្តការលើកកម្ពស់ ការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព គ្មានអំពើរពុករលួយ រួមទាំង រហ័សទាន់ចិត ដើម្បីបង្កើនការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសពីបាតដៃទទេ រហូតមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនឥត ឈប់ឈរ និងនាំឱ្យកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិផងដែរ​ ៕