បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់កងកម្លាំងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ដែលពិធីផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយបញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន និងបញ្ហាដែលកំពុងកេីតមានឡើងនៅមជ្ឈិមបូព៌ា ដែលបច្ចុប្បន្នកំពុងប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ រវាងប្រទេសមហាអំណាច ដែលអាចនាំឲ្យមានការប៉ះពាល់ និងរងហានីភ័យជាសកលផងដែរ ។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង បន្តជ្រកក្រោមម្លប់សុខសន្តិភាព និងការឯកភាពជាតិពេញលេញ កំណើនសេដ្ឋកិច្ចជាតិ កំពុងមានការកើនឡើងប្រមាណ ជាង ៦ ភាគរយ នៅក្នុងឆ្នាំ ២០២៤ នេះ ។ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏កំពុងមានការកើនឡើងផងដែរ។ ហើយក្នុងពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ និងបណ្ដែតប្រទីប ក្នុងរយៈពេល៣ថ្ងៃកន្លងទៅនេះ នៅទីក្រុងភ្នំពេញប្រកបដោយភាពសប្បាយ រីករាយ ដោយមានប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណជាង៣លាននាក់។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន មានជាអាទិ៍  ទី១ កងកម្លាំងទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ដោយត្រូវគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ ។ ត្រូវប្តេជ្ញាចិត្តថែរក្សានិងការពារឲ្យបានដាច់ខាតមិនឱ្យមានបដិវត្តន៍ពណ៌កើតឡើងនៅលើទឹកដីកម្ពុជា ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ។
ទី២ ត្រៀមកងកម្លាំង គ្រឿងបំពាក់គ្រប់គ្រាន់ និងមធ្យោបាយគ្រប់គ្រាន់សម្រាប់ចល័តអន្តរាគមន៍ទាន់ពេលវេលា តាមបទបញ្ជា។ទី៣ ត្រូវបន្តចូលរួមយ៉ាងសកម្មក្នុងការប្រើប្រាស់កម្លាំងសរុប ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព។
ទី៤ អប់រំពង្រឹងវិន័យ របស់កងទ័ព ស្របតាមច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់នៃកងយោធពលខេមរភូមិន្ទ  និងទី៥ បន្តចូលរួមសហប្រតិបត្តិការ ក្នុងការអនុវត្តគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព រួមចំណែកការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់សង្គមនៅទូទាំងខេត្តកំពង់ធំ ឲ្យបានល្អប្រសើរ៕ អត្ថបទ វេហាស៍