រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តទី១១​ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល (ODF)

0

ត្បូងឃ្មុំ: ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភី បញ្ចប់កាបន្ទោបបង់ពាសវាលពាសកាល (ODF) ក្រោមវត្តមាន​ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ​ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ អង្គការដៃគូ​អភិវឌ្ឍន៍​ និងបងប្អូនប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ប្រមាណជា ២,៣០០នាក់។

មានមតិស្វាគមន៍ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអានរបាយការសង្ខេបស្តីពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ដើម្បីលប់បំបាត់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្តត្បូងឃ្មុំទាំងមូល រហូតទទួលបានជ័យលាភីនាពេលនេះ។

ជាមួយគ្នានោះ បន្ទាប់ពី លោក យី គឹមថាន នាយករង អង្គការ ភ្លែន អន្តរជាតិប្រចាំនៅកម្ពុជា បានអានរបាយការណ៍ ដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការណ៍ និងចូលរួមចំណែករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ជាសេនាធិកាផ្ទាល់ ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការសម្រេចបានជោគជ័យតាមផែនការ និងប្តេជ្ញាក្នុងការប្រែក្លាយខេត្តផ្សេងទៀតដែលមិនទាន់ទទួលបាន ODF ឲ្យទទួលបានក្នុងពេលខាងមុខ។ហើយ ឯកឧត្ដម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ ក៏បានអានសារលិខិត សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអនាម័យជាតិ ១៣វិច្ឆិកា ជូនអង្គពិធីទទួលជ្រាបផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តត្បូងឃ្មុំ សម្រេចបាន នាពេលកន្លងមក លើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល នៅទូទាំងខេត្ត នាពេលនេះ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួង បាននឹងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ឲ្យសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែក ចំពោះការសម្រេចបានខេត្ត ODF គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន ១១ ដែលសម្រេចបាន ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និងខេត្តត្បូខឃ្មុំ ជាខេត្តទី១១ ដែលទទួលបានជ័យលាភី ODF​ ៕