(ខេត្តកំពង់ធំ)៖ នៅទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់អ្នកស្ម័គ្រចិត្តជ្រើសរើសថ្មី ក្រោមអធិបតីភាព លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន១០នាក់ ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
គោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះផងដែរ៖ គឺដើម្បីបំពេញទៅតាមលក្ខខណ្ឌរបស់កាកបាទក្រហម និងបង្កើនជំនាញក្នុងការជួយសង្គ្រោះបឋម ព្រមទាំងឲ្យអ្នកស្ម័គ្រចិត្តទាំងអស់ទទួលបាននូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឯងផ្ទាល់ និងប្រជាជនក្នុងសហគមន៍ ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺកន្លែងការងារដែលតែងតែជួបប្រទះជាញឹកញាប់ ឬអ្នកជួយឧបទ្ទវហេតុផ្សេងៗ ក្នុងជីវភាពរស់នៅ មុនពេលបញ្ចូនជនរងគ្រោះទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្រូពេទ្យវិជ្ជាជីវៈមកដល់។
សង្គ្រោះបឋម ផ្តល់ និងបង្រៀននូវចំណេះដឹងចាំបាច់ជំនាញ និងឥរិយាបទ ដើម្បីយកទៅប្រើប្រាស់ឱ្យសមស្របទៅនិងធនធានក្នុសហគមន៍។ សង្គ្រោះបឋម គឺដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីវិជ្ជាសង្រ្គោះបឋម និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅតាមយុទសាស្រ្ត ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា គោលដៅមួយគ្រួសារមានអ្នកចេះវិជ្ជាសង្រ្គោះបឋមមួយនាក់។
ទន្ទឹមនឹងនេះ លោកស្រី បានណែនាំអ្នកសង្គ្រោះត្រូវមានទេពកោសល្យក្នុងចេះការពារនិងប្រុងប្រយ័ត្នកុំឲ្យមានការបាត់បង់ទ្រព្យសម្បត្តិផ្សេងៗរបស់ជនរងគ្រោះ ឬអ្នកសង្គ្រោះឬមានការចោទប្រកាន់មកលើខ្លួនអ្នកសង្គ្រោះពីការបៀតបៀនលើជនរងគ្រោះថែមទៀត។
ក្នុងឱកាសនេះផងដែរលោកស្រី ឡេង សុឃីម បានបន្ថែមនិងក្រើនរំលឹកដល់អ្នស្ម័គ្រចិត្តទាំងអស់ដែលជាសិក្ខាកាម សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ និងអនុវត្តតាមជំនាញដែលអ្នកសម្របសម្រួលបានបង្ហាញ ព្រមទាំងយកចំណេះនិងជំនាញដែលបានទទួលនេះទៅជូយសង្រ្គោះប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីការពារឱ្យរួចផុតពីគ្រោះថ្នាក់អាយុជីវិតផងដែរ។ អត្ថបទ វេហាស៍