ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែង លោកស្រី កែវ សាវឿន បានលើកឡើងថាវេទិកាសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុង (២០២៥-២០២៧) ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវេទិការនេះ គឺនឹងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈកិច្ចសហការគាំទ្រ និងការចូលរួមវិនិយោគរបស់អង្គការដៃគូអភិវឌ្ឍន៍ វិស័យឯកជន សប្បុរសជន រួមទាំងមន្ទីរវិស័យនានាក្នុងខេត្ត សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ក្រុង និងបណ្តាសង្កាត់នានាក្នុងក្រុងស្ទឹងត្រែង។
ការលើកឡើងរបស់ លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង នៅក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ថ្នាក់ក្រុង ដែលបានរៀបចំឡើង ក្រោមកិច្ចសហកា ររវាងរដ្ឋបាលក្រុងស្ទឹងត្រែង និងមន្ទីរផែនការខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាក្រុងស្ទឹងត្រែង។
ការបើកសិក្ខាសាលានេះ ដើម្បីអនុញ្ញាតឲ្យរដ្ឋបាលរដ្ឋបាលក្រុង និងសង្កាត់ ដាក់បង្ហាញនូវគម្រោងផែនការអទិភាព ជូនអ្នកពាក់ព័ន្ធ មន្ទីរ អង្គភាពជំនាញ និងអង្គការដៃគូអភិវឌ្ឍន៍ចូលរួមចាប់ដៃវិនិយោគ នៅក្នុងផែនការអាទិភាពទាំងឡាយ ដែលអាជ្ញាធរក្រុង និងសង្កាត់បានដាក់ចេញ។
អភិបាលរងខេត្តស្ទឹងត្រែង លោកស្រី កែវ សាវឿន បានលើកឡើងថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគក្រុង និងសង្កាត់ នៅថ្នាក់ក្រុង នាពេលនេះ គឺមានគោលដៅ និងគោលបំណង ដើម្បីបើកវេទិកាពិភាក្សា ផ្លាស់ប្តូរនូវបទពិសោធន៍ ក្នុងការគាំទ្រគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត ដែលបានអនុវត្តនាឆ្នាំកន្លងមក ,ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់ក្រុង និងគម្រោងវិនិយោគបីឆ្នាំរំកិល របស់សង្កាត់សម្រាប់អនុវត្តឆ្នាំ២០២៥ ,ស្នើសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោង របស់រដ្ឋបាលក្រុង និងគម្រោងរបស់រដ្ឋបាលសង្កាត់ ដែលបានបង្ហាញ។
ប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែង លោក លី ប៊ុនឡោម បានថ្លែងថា សិក្ខាសាលានេះជាដំណើរការមួយ ឈានទៅរកប្រក្រតីភាព រវាងគម្រោង និងសកម្មភាពអភិវឌ្ឍន៍ ដែលបានស្នើឡើងដោយរដ្ឋបាលសង្កាត់ រដ្ឋបាលក្រុង និងគោលការណ៍ក្នុងគោលនយោបាយយុទ្ធសាស្ត្រ ដែលមាននៅក្នុងផែនការក្រុង មន្ទីរជំនាញ និងអង្គការនានា តាមរយៈការពិភាក្សា ការចរចារ ដើម្បីប្រមូលផ្តុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។
លោក លី ប៊ុនឡោម បានស្នើដល់មន្ទីរ អង្គភាព អង្គការជាតិ-អន្តរជាតិ ដែលជាដៃគូអភិវឌ្ឍន៍ ឱ្យពិនិត្យ និងពិចារណា នូវគម្រោងសកម្មភាព ដែលជាតម្រូវការចាំបាច់ និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងសកម្មភាព អាទិភាពរបស់ក្រុង ស្រុក និងឃុំ-សង្កាត់ ឱ្យបានសមស្រប ជៀសវាងគាំទ្រក្រៅគម្រោង ដែលមិនឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន នៅក្នុងមូលដ្ឋាន។
អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានលើកឡើងថា រដ្ឋបាលក្រុងបានរៀបចំនូវកម្មវិធី ផែនការវិនិយោគបីឆ្នាំរំកិល ជាមួយរដ្ឋបាលសង្កាត់ទាំង៤ ដើម្បីសម្របសម្រួលផែនការ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ទៅតាមមន្ទីរវិស័យឲ្យមានភាពរលូន ស្របតាមគោលដៅ ទិសដៅយុទ្ធសាស្ត្រ ដើម្បីផ្សារភ្ជាប់ទៅមូលដ្ឋានក្នុងបរិបថ នៃវិមជ្ឈការ និងសហវិមជ្ឈការ ព្រមទាំងផ្សព្វផ្សាយគម្រោងអទិភាពបីឆ្នាំរំកិលរបស់រដ្ឋបាលក្រុង និងសង្កាត់ទាំង៤ និងសុំការគាំទ្រពីមន្ទីរវិស័យ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរជន ផងដែរ។
គួរបញ្ជាក់ថា សិក្ខាសាលាសមាហរណកម្ម និងកម្មវិនិយោគបីឆ្នាំរំកិលថ្នាក់ស្រុក នៅក្រុងស្ទឹងត្រែងនាពេលនេះ មានការចូលរួមពីមន្ទីរ អង្គភាពចំនួន១៩ តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន០២ ក្នុងនោះមានគម្រោងស្នើឡើងក្នុងឆ្នាំ២០២៥ ដោយរដ្ឋបាលក្រុងមាន ៤០ គម្រោង មានការគាំទ្រពីមន្ទីរវិស័យ ២៧គម្រោង គម្រោងដែលបានស្នើឡើងដោយរដ្ឋបាលឃុំមាន ២៩២គម្រោង មានការគាំទ្រពីមន្ទីរវិស័យ ៤០គម្រោង និងគាំទ្រដោយអង្គការដៃគូអភិវឌ្ឍន៍ ១០គម្រោង៕ដោយ៖ឡុង សំបូរ