ខេត្តស្ទឹងត្រែង៖ ដំណាំពោតរបស់ប្រជាសហគមន៍ ភូមិមួយផលិតផលមួយ ជាច្រើនហិកតា បានកើតជំងឺក្រាភ្លើង ឬស្វាយក្រហម ដែលជាមូលហេតុ នាំឱ្យការប្រមូលផលរបស់ពួកគាត់មានការថយចុះ។ ចំណែក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយមន្ត្រីជំនាញ បានចុះពន្យល់ណែនាំដល់កសិករ នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ឱ្យងាកមកដាំដុះ ដោយចេះជ្រើសរើសពូជ ប្រភេទជី និងការថែទាំ ឱ្យស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទើបដំណាំកសិកម្មទទួលបានទិន្នផលល្អ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ នៅថ្ងៃទី២៩វិច្ឆិកានេះ បានទទួលស្គាល់ថា បញ្ហាប្រឈមនេះបង្កជាគ្រោះចង្រៃ និងបានធ្វើឱ្យកសិកររងការខាតបង់ថវិកា ដែលបានខិតខំដាំដុះក្នុងរយៈពេលកន្លងមក។ លោកថា ដំណាំភាគច្រើនកសិករ បានអនុវត្តតាមបច្ចេកទេសហើយ តែខ្វះការថែទាំ និងការជ្រើសរើសពូជមិនបានត្រឹមត្រូវ គួបផ្សំនឹងការប្រែប្រួលអាកាសធាតុផង បង្កឱ្យដំណាំពោតជួបប្រទះជំងឺស្វាយក្រហម។
លោក ទុំ នីរ៉ូ បន្តថា លោកនឹងបញ្ជូនមន្ត្រីបច្ចេកទេស ដើម្បីមកបណ្ដុះបណ្ដាលដល់មូលដ្ឋានផ្ទាល់ អញ្ចឹងអាចទំនាក់ទំនងជាមួយមន្ត្រីយើងខ្ញុំ ដើម្បីរកពេលវេលាសមរម្យណាមួយជួបគ្នា ដើម្បីសិក្សារៀនសូត្របន្ថែមពីបច្ចេកទេសដែលវាសមស្រប ដើម្បីឲ្យបងប្អូនធ្វើនៅពេលក្រោយៗ ទទួលបានទិន្នផលប្រសើរជាងពេលបច្ចុប្បន្ន។
កសិករម្ចាស់ចំការពោត លោក ហ្វយ ប៊ុនវី បានបញ្ជាក់ថា កសិករប្រមាណជាង ៧០គ្រួសារ នៅក្នុងភូមិខាំផាន់ បានព្យាយាមដាំពោតប្រចាំរដូវកាល ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រយោជន៍រួមគ្នាថែរក្សាឱ្យបានកេរ្ត៍ឈ្មោះ ភូមិមានផលិតផលមួយ ។
ម្ចាស់ចំការបានបន្តថា ឆ្នាំនេះកសិករខាតបង់ដើមទុនទៅលើការចំណាយ ព្រោះដំណាំពោតដាំដុះមិនល្អដូចបំណង និងឈានទៅបង្កឱ្យខូចឈ្មោះដល់សហគមន៍ទៀត រាល់ថ្ងៃនេះវាមានបញ្ហាទៅលើជំងឺ ប្រសិនបើជាយើងមានថ្នាំល្អ ព្រោះវាឡើងក្រហមអញ្ចឹងសាច់វាអត់ល្អទេវាអត់សូវផែ្អម ហើយស្នៀតវាអត់សូវធំទេ កាលណាវាមានជំងឺហ្នឹង ធ្វើឱ្យខាតបង់។
មន្ត្រីការិយាល័យក្សេតសាស្ត្រ និងផលិតភាពកសិកម្ម លោក យ៉ា ថា បានបញ្ជាក់ថាការធ្វើដំណាំកសិកម្ម វាតែងរងទៅនឹងកត្តាអាកាសធាតុប្រែប្រួល កើតមានជំងឺផ្សេងៗ ឬសត្វល្អិតមកស៊ីផលដំណាំ ដូចជាពោត ស្រូវ និងដំឡូងមី ជាដើម។ លោកបានពន្យល់បន្ថែមថា កសិករត្រូវបន្ថែមការស្វែងយល់ពីកត្តាថែទាំឱ្យបានច្រើន ចូរធ្វើតាមការណែនាំពីមន្តី្រជំនាញកសិកម្ម ដែលបងប្អូនបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួចមកហើយ។
លោកបញ្ជាក់ទៀតថា អញ្ចឹងទេចង់ឱ្យកសិករយើងត្រូវប្រើជីត្រប់បាទ ដូចជា ជីអាប៉េអាបេ នៅពេលដែលពោតនឹងចាប់ផ្ដើមផ្កា រៀបចេញផ្លែយើងឲ្យប្រើជីពពួក ជីខាលី វាធ្វើឲ្យមានសាច់ណែន ហើយជីវជាតិផ្អែម មួយទៀត ជីប៉េពោ តាស្យូម វាជួយពេលដែលយើងដាក់ ទៅលើដំណាំហ្នឹងទៅ វាការពារដង ដើមឲ្យរឹងមាំ និងអាចការពារសត្វល្អិតបានមួយចំនួន។
សូមបញ្ជាក់ថា៖នៅចំណុចខេ នៃភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋរស់នៅជាង ២០០គ្រួសារ បានប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេសដំណាំពោត នៅតាមជួរដងទន្លេមេគង្គ ឬនៅលើដីកោះ ដែលមានផ្ទៃដីលាតសន្ធឹងជាង ៨គីឡូម៉ែត្រ ចាប់ពីអូរ(ម៉មកើត)ទៅដល់អូរឈើទាល(កោះកី) បច្ចុប្បន្ន ដំណាំពោតជាង១៥ហិកតា កំពុងរងការថមថយទិន្នផល ដោយសារកើតជំងឺក្រាភ្លើង ឬស្វាយក្រហមនេះ៕ដោយ៖ឡុង សំបូរ