ខេត្តស្ទឹងត្រែង៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានធ្វើពិធីចុះហត្ថលេខាផ្គត់ផ្គង់ដំឡូងមីស្រស់ រវាងប្រជាសហគមន៍វាលពោធិ៍ និងដេប៉ូ លាង ប៊ុនហ៊ាង ដែលទទួលទិញផលកសិកម្មពីប្រជាកសិករក្នុងខេត្តស្ទឹងត្រែង ដើម្បីបង្ហាញពីទំនុកចិត្តក្នុងការលក់ និងទិញរវាងគ្នា និងគ្នា។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី មន្ត្រីខេត្ត មន្ត្រីកសិកម្ម មន្ត្រីព្រៃឈើ និងប្រជាសហគមន៍ប្រមាណ ១០០នាក់ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរកសិកម្មខេត្តស្ទឹងត្រែង។
លោក ទុំ នីរ៉ូ បានថ្លែងឱ្យដឹងថា សហគមន៍កសិកម្មខេត្តស្ទឹងត្រែង បានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្នមានចំនួន ៣៩សហគមន៍។ រីឯសហគមន៍ដែលបានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ដំឡូងមីស្រស់ ប្រកបដោយទំនុកចិត្តទៅឱ្យដេប៉ូ លាង ប៊ុនហ៊ាង នៅពេលនេះ គឺជាសហគមន៍កសិកម្ម វាលពោធិ៍សាមគ្គី មានមូលដ្ឋាននៅក្នុងភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក ទុំ នីរ៉ូ បានបន្តថា ការចុះកិច្ចព្រមព្រៀងរវាងសហគមន៍កសិកម្ម និងម្ចាស់ដេប៉ូនៅក្នុងពេលនេះ ដើម្បីឱ្យសហគមន៍ និងអ្នកទិញមានភាពស្មោះត្រង់ជាមួយគ្នា ស្របតាមកិច្ចសន្យា ព្រោះពេលខ្លះអ្នកលក់ដំឡូងមី ទៅឱ្យអ្នកទិញ តែងមានការលាយដី រឺ ថ្ម ដើម្បីថ្លឹងបានទំងន់ធ្ងន់។ ដោយឡែក ខាងអាជីវករបានឆ្លៀតផ្នែកជញ្ជីងបន្លំភាគរយ ទម្លាក់តំលៃ មិនគោរពតាមកិច្ចសន្យា ដែលជាហេតុភាគីទាំងសងខាង ត្រូវតែធ្វើការព្រមព្រៀងចុះហត្ថលេខា ឱ្យត្រូវទៅតាមកិច្ចសន្យា គោបំណងមួយនៃការផលិត និងការលក់ដូររបស់កសិករ ឱ្យមានភាពរីកចំរើន ដែលមិនចង់ឱ្យការលក់ដូរ ទៅតាមការទំលាក់ថ្លៃរបស់ឈ្មួញកណ្តាល ដែលធ្វើឱ្យប្រជាកសិករកាន់តែកើនបំណុល។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានរួមចំណែក សហការយ៉ាងល្អប្រសើរ ក្នុងការបំពេញការងារ នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន និងបន្តទៅអនាគត។
លោកអភិបាលខេត្ត មានប្រសាសន៍ថា ការបង្កើនផល និងការកែទម្រង់វិស័យកសិកម្ម យើងបានជួបប្រទះការលំបាក់ជាច្រើន ដូចជា បាតុភូតធម្មជាតិ បំរែបំរួលអាកាសធាតុ កំណើនកសិផលមិនមានលំនឹង ដោយសារពឹងផ្អែកលើធម្មជាតិ គុណភាពមិនល្អ កង្វះទីផ្សារ ជាពិសេសការគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ នៅខ្វះចន្លោះ ខ្វះមន្រ្តី និងសម្ភារៈសម្រាប់អនុវត្តការងារ។
លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា សម្រាប់ជាសក្ខីភាពនៃការចុះហត្ថលេខាដំណើរការនៅថ្ងៃនេះ គឺជាការជួយស្វែងរកទីផ្សារ និងជួយកំណត់តំលៃកសិផល របស់ប្រជាសហគមន៍ឱ្យមានស្ថេរភាព និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករក្នុងសហគមន៍ ដោយសង្ឃឹមថា ភាគីទាំងពីរនឹងស្មោះត្រង់និងគ្នា មានបញ្ហាត្រូវជជែកគ្នា សួរនាំគ្នាឱ្យអស់សេចក្តី គោរពនូវកិច្ចសន្យាដែលបានព្រមព្រៀង ហើយបើមានវិវាទកើតឡើង សូមភាគីទាំងពីរដោះស្រាយ ក្រៅប្រព័ន្ធតុលាការជាមុនសិន។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបញ្ជាក់ថា ការលើកស្ទួយកសិកម្ម គឺស្ថិតក្នុងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលមានការលើកកំពស់ផលិតភាព និងពិពិធកម្មកសិកម្ម កំណែទម្រង់ដីធ្លី កំណែទម្រង់វិស័យជលផល កំណែទម្រង់វិស័យព្រៃឈើ។ ហើយបច្ចុប្បន្ន ប្រជាជនប្រមាណ ៨០ភាគរយ ជាកសិកររស់នៅតាមជនបទ ដូច្នេះ យុទ្ធសាស្រ្តនេះ គឺសំដៅធានានូវការអភិវឌ្ឍន៍វិស័យកសិកម្ម និងកាត់បន្ថយភាពក្រីក្រ៕ដោយ៖ឡុង សំបូរ