ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ដែលមានជីវភាពក្រលំបាក នៅខេត្តស្ទឹងត្រែង ទទួលបានអំណោយដ៏ថ្លៃថ្លាពី ប្រមុខរាជរដ្ឋាភិបាល

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា និងប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានដឹកនាំមន្ត្រីខេត្ត និងកងកម្លាំងក្រោមឱវាទ រួមទាំងមន្ត្រីថ្នាក់មូលដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ៣១០គ្រួសារ ដែលកំពុងជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ស្ថិតនៅឃុំចំនួន៤ នៃស្រុកសៀមបូក នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តស្ទឹងត្រែង លោក ស៊ុត វណ្ណា បានបង្ហាញរបាយការណ៍ឱ្យដឹងថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៣១០គ្រួសារនៅពេលនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនតាមរយៈក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទាខេត្ត ដោយក្នុងចំណោមនោះ ៩០គ្រួសារ មកពីឃុំអូរម្រះ ៨០គ្រួសារមកពីឃុំស្រែក្រសាំង ៧០គ្រួសារមកពីឃុំកោះសំពាយ និង ៧០គ្រួសារ មកពីឃុំសៀមបូក នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

លោក ស៊ុត វណ្ណា បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំង៤ នៃស្រុកសៀមបូក មានចំនួន ៣១០គ្រួសារ ដែលទទួលបានអំណោយនៅពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ និងភួយ១ ផងដែរ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា។

លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះការខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូន ឲ្យកាន់តែល្អប្រសើរថែមទៀត ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាអាណត្តិទី៧នេះ និងបន្តធ្វើឲ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនឲ្យប្រជាពលរដ្ឋខ្វះខាត លំបាកលំបិននោះឡើយ។

លោកអភិបាលខេត្ត បានសម្តែងការអរគុណអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ទាំងអស់ ដែលតែងបានចូលរួមសហការ និងជួយសង្រ្គោះប្រជាពលរដ្ឋក្នុងខេត្ត លើគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ៕ដោយ៖ឡុង សំបូរ