សង្ស័យគេចពីសមត្ថកិច្ច ជនសង្ស័យបើកឡានធ្លាក់ប្រឡាយ ពិនិត្យមើលឃើញឈើអារប្រភេទលេខ១(សុក្រម) មួយចំនួន

0

ខេត្តកំពង់ធំ៖ រថយន្តមួយគ្រឿងសង្ស័យជនល្មើសភ័យខ្លាច និងមិនបានប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើង និងរបងផ្ទះលោកមេឃុំសណ្ដាន់ បែកធុងទឹកទៅមុខលែងរួច ។ ករណីនេះកើតឡើងនៅម៉ោងប្រមាណ២និង៣០រំលងអាធ្រាតថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចនិយាមកា(526216-1448426) ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ប្រភពសមត្ថកិច្ចឲ្យដឹងថា សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសព្រៃឈើនេះបានពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ក្នុងនោះ៖ សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ សហការជាមួយរដ្ឋស្រុកសណ្ដាន់ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្ដាន់ បានចុះប្រតិបត្ថិការបង្រ្កាបបទល្មើសព្រៃឈើ ដឹកនាំដោយលោក គង់ សុភា អភិបាលរងស្រុកសណ្ដាន់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ១-នៅត្រង់ចំណុចនិយាមកា(526216-1448426) ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្រុមការងារបានឃាត់ចាប់រថយន្ដចំនួន០១គ្រឿង ម៉ាកLEXUS RX300 សេរីឆ្នាំ១៩៩៩ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2E-9962(ជាស្លាកលេខកិបពីលើស្លាកលេខ ភ្នំពេញ2Q-0249) ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត នូវឈើអារប្រភេទលេខ១(សុក្រម)ចំនួន១៤ដុំ ស្មើនឹង០,៦៦៩ម៉ែត្រត្រីគុណ។

សូមបញ្ជាក់ថា អំឡុងពេលប្រតិបត្តិការក្រុមកម្លាំងកងរាជអាវុធហត្ថស្រុកសណ្ដាន់ បានបើករថយន្ដដេញពីក្រោយរថយន្ដខាងលើ ប៉ុន្ដែដោយសារជនល្មើសភ័យខ្លាចនិងមិនបានប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើង និងរបងផ្ទះលោកមេឃុំសណ្ដាន់ បែកធុងទឹកទៅមុខលែងរួច ហើយជនល្មើសបានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយបន្សល់ទុកនូវវត្ថុតាងឈើ និងរថយន្ដនៅនឹងកន្លែងកើតហេតុ។ ២-នៅត្រង់ចំណុចនិយាមកា(526999-1447899) ក្រុមការងារបានប្រទះឃើញ ឈើអារប្រភេទលេខ១(សុក្រម) ចំនួន១១ដុំស្មើនឹង០,៤៥៤ម៉ែត្រត្រីគុណ ដែលជនល្មើសទម្លាក់ចោលនៅក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិទឹកម្លាង ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ករណីនេះពុំមានជនណាម្នាក់ចេញមុខមកទទួលខុសត្រូវឡើយ។

ចំណែកឯវត្ថុតាងទាំង០២ករណីខាងលើសមត្ថកិច្ចបានប្រមូលយកវត្ថុតាងរថយន្ដ និងឈើទាំងអស់ ប្រគល់ជូនលោក ហេង លីហួរ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ជាអ្នកទទួលថែរក្សាបណ្ដោះអាសន្ននៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្ដីពីព្រៃឈើ។

ប្រជាពលរដ្ឋបង្ហើបថា រថយន្តល្មើសខាងលើជាកម្មសិទ្ធិរបស់មេឈ្មួញដឹកផលអនុផលព្រៃឈើយ៉ាងសកម្មឈ្មោះ”ប៉ោង” រស់នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ម៉្យាងទៀតជនសង្ស័យខាងលើតែងតែប្រមាថសមត្ថកិច្ចជាញឹកញាប់ដោយបោះពាក្យសំដីថា”តើសមត្ថកិច្ចខេត្តកំពង់ធំមានឡានដេញទៀតអត់ សូមហៅមនុស្សមកដេញឲ្យច្រើនបន្តិច” ជាពាក្យសំដីឌឺដងរបស់ជនសង្ស័យមកលើសមត្ថកិច្ចដែលតាមប្រភពបានផ្តល់ឲ្យ ប៉ុន្តែពេលនេះអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចបានសម្រេច។ ដូចនេះស្នើសមត្ថកិច្ចជំនាញចុះស្រាវជ្រាវរកមុខសញ្ញាជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ត្បិតការកាប់បំផ្លាញប្រភេទព្រៃឈើកម្រ និងដឹកជញ្ជូនផលអនុផលព្រៃឈើ ជាបទល្មើសឧក្រឹតមិនអាចលើកលែងបាន៕ ដោយ វេហាស៍