មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បាននាំយកអំណោយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងថវិកាបេឡាមរណសង្រ្គោះ ៨លានរៀល ទៅផ្តល់ជូនគ្រួសារសពសមាជិកសមាគម ២គ្រួសារ នៅស្រុកជាំក្សាន្ត

0

ខេត្តព្រះវិហារ៖ គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ២គ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ តាមរយៈ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការនាំយកអំណោយរបស់ រាជរដ្ឋាភិបាល និងថវិកាបេឡាមរណៈសង្គ្រោះ រួមទាំងលិខិតចូលរួមរំលែកមរណទុក្ខ ទៅផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជន ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី និងមន្ត្រីថ្នាក់មូលដ្ឋានជារូបផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ថា គ្រួសារសពសមាជិកសមាគម អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ទាំង២គ្រួសារ ដែលបានទទួលអំណោយរបស់ រាជរដ្ឋាភិបាល ,ថវិកាបេឡាមរណៈសង្គ្រោះ ៨លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខពីសមាគម នៅពេលនោះ គឺ ១-ឈ្មោះ ប្រាង្គ ឆន ភេទប្រុស អាយុ ៧០ឆ្នាំ មុខសញ្ញានិវត្តជន បានទទួលមរណភាព នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត និង ២-ឈ្មោះ ទៀប ចាន់ ភេទប្រុស អាយុ ៦០ឆ្នាំ មុខសញ្ញានិវត្ដជន បានទទួលមរណភាព ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅភូមិ បុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត។ គ្រួសារសពទាំង២  ទទួលបាន ៖អង្ករ មីជាតិ ត្រីខ ទឹកត្រី និងថវិកា ក្នុង១គ្រួសារ ៤លានរៀលផងដែរ ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ដោយសម្តែង នូវការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់បង្គោលគ្រួសារមួយដ៏ល្អ និងបានបួងសួងដល់វិញ្ញានក្ខន្ធសព ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ក្រុមគ្រួសារសពអតីតយុទ្ធជន និងជាសមាជិកសមាគមយុទ្ធជនកម្ពុជា បានសម្តែងការអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត  ពេជ ចន្ទមុន្នី រួមទាំងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ព្រមទាំងក្រុមការងារ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ទាំងអស់ ដែលបានយកចិត្តទុកដាក់ បម្រើបងប្អូនអតីតយុទ្ធជន ដោយយកអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ទាំងពេលកន្លងមក ក៏ដូចក្នុងគ្រាបច្ចុប្បន្ន ៕ដោយ៖ឡុង សំបូរ