អភិបាលខេត្តកែប អំពាវនាវឲ្យអ្នកពាក់ព័ន្ធធ្វើការរួមគ្នាជាពហុវិស័យ ដើម្បីឈានទៅលុបបំបាត់ការចម្លងមេរោគអេដស៍

0

ខេត្តកែប៖ ឯកឧត្តមបណ្ឌិត​ សោម ពិសិដ្ឋ បានអំពាវនាវដល់មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការរួមគ្នាជាពហុវិស័យ សហការជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន ក្រុមអ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាគន្លឹះ និងសហគមន៍ ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ និងជំងឺអេដស៍  អោយមានប្រសិទ្ធភាព។

អំពាវនាវដូចនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤ ក្រោមប្រធានបទ សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសេះស សាលាខេត្តកែប ដោយមានអ្នកចូលរួម និងអ្នកផ្ទុកមេរោគអេដស៍ សរុប ៣១២ រូប។

ឯកឧត្តមបណ្ឌិត​ សោម ពិសិដ្ឋ មានប្រសាសន៍ថា នៅក្នុងវិស័យមនុស្សធម៌រាជរដ្ឋាភិបាលបានផ្តោតលើការយកចិត្តទុកដាក់ទៅលើអាទិភាពចំនួន ៣ជាចម្បងគឺ៖ទី១ ការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការ ការចម្លងមេរោគអេដស៍នៅក្នុងសហគមន៍ និងគ្រឹះស្ថានអប់រំ ជាពិសេសក្នុងចំណោមយុវវ័យ និងការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ទី២ ផ្តល់សេវាគាំទ្រសង្គមជួយជនរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍។ ទី៣ លើកម្ពស់ការកាត់បន្ថយដើម្បីឈានទៅលុបបំបាត់ទាំងស្រុងរាល់ទម្រង់រើសអើង និងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។

ឯកឧត្តមរំលឹកថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ពញ៉ាក់ស្មារតី និងបញ្ជ្រាបការយល់ដឹងដល់យុវជន សិស្សានុសិស្ស ដើម្បីការពារ និងលុបបំបាត់ជំងឺអេដស៍ ព្រមទាំងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋទូទាំងខេត្ត អោយបានល្អប្រសើរ៕ សេង ណារិទ្ធ