លោកអភិបាលខេត្តកំពង់ធំ ចុះដោះស្រាយបញ្ចប់វិវាទរបស់លោក ហង់ សុគន្ធ ម្ចាស់ស្ថានីយ៍បូមទឹកព្រះស្នែង ជាមួយតំណាងប្រជាពលរដ្ឋ ពាក់ព័ន្ធការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋធ្វើស្រែនៅតំបន់២ តំបន់វាលស្រង៉ែ

0

ដោយ វេហាស៍

ខេត្តកំពង់ធំ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចុះដោះស្រាយបញ្ចប់វិវាទដែលរាំរៃរបស់លោក ហង់ សុគន្ធ ម្ចាស់ស្ថានីយ៍បូមទឹកព្រះស្នែង ជាមួយតំណាងប្រជាពលរដ្ឋ ពាក់ព័ន្ធការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋធ្វើស្រែនៅតំបន់២ តំបន់វាលស្រង៉ែ ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ។

បន្ទាប់ពីបានប្រជុំសម្របសម្រួលពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជាមួយគូភាគីទាំងពីររួចមក ភាគីទាំងពីរ បានព្រមព្រៀងឯកភាពគ្នា ដើម្បីបញ្ចប់វិវាទដូចខាងក្រោម៖
១-ភាគីទាំងពីរបានព្រមព្រៀងបញ្ចប់វិវាទទាំងស្រុង ពាក់ព័ន្ធការផ្គត់ផ្គង់ទឹកដាក់ស្រែរបស់ប្រជាពលរដ្ឋ ដោយភាគីលោក ហង់ សុគន្ធ ព្រមព្រៀងដកពាក្យបណ្ដឹង ដែលបានប្តឹងទៅតុលាការខេត្តកំពង់ធំ ។
២-ភាគីតំណាងប្រជាពលរដ្ឋ ១២៥គ្រួសារ ព្រមព្រៀងដកពាក្យបណ្ដឹងដែលបានប្តឹងឈ្មោះ ហង់ សុគន្ធ ទៅរដ្ឋបាលខេត្ត និងស្ថាប័នផ្សេងៗទៀតទាំងអស់ ដើម្បីបញ្ចប់វិវាទខាងលើនេះ ។
៣-ពាក់ព័ន្ធសំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំលើកលែងមិនបង់ប្រាក់ដែលបានប្រើប្រាស់ទឹកកន្លងទៅ ដោយយកមូលហេតុថា ការផ្គត់ផ្គង់ទឹករបស់លោក ហង់ សុគន្ធ មិនគ្រប់ ករណីនេះ លោក ហង់ សុគន្ធ ត្រូវធ្វើផែនទី ទីតាំងដែលប៉ះពាល់ មករដ្ឋបាលខេត្ត ដើម្បីធ្វើការពិភាក្សានៅពេលក្រោយ ។
៤-ក្រោយពីបានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទនេះ ភាគីលោក ហង់ សុគន្ធ សន្យា និងធានាអះអាងចំពោះ មុខរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធថា នឹងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋធ្វើស្រែនៅតំបន់វាលស្រង៉ែ ឱ្យបានគ្រប់គាន់។ ក្នុងករណីផ្គត់ផ្គង់ទឹកមិនគ្រប់ ត្រូវសងការខូចខាតជូនប្រជាពលរដ្ឋវិញតាមកិច្ចសន្យាដែលបានធ្វើ ជាមួយភាគីប្រជាពលរដ្ឋប្រើប្រាស់ទឹក លើកលែងតែមានករណីព្រឹត្តិការណ៍ដែលកើតឡើងដោយមិនបានដឹងមុន។
៥-ភាគីប្រជាពលរដ្ឋដែលបានធ្វើកិច្ចសន្យាទិញទឹកពីលោក ហង់ សុគន្ធ មានកាតព្វកិច្ចបង់ថ្លៃទឹកតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នារវាងភាគីទាំង២ ។ ក្នុងករណីមិនបង់ថ្លៃទឹកតាមកិច្ចសន្យា នោះលោក ហង់ សុគន្ធ នឹងមិនបន្តផ្គត់ផ្គង់ទឹកទៀតទេ។
៦-ក្រោមការសម្របសម្រួលរបស់លោកអភិបាលខេត្តកំពង់ធំ ភាគីលោក ហង់ សុគន្ធ យល់ព្រមបញ្ចុះតម្លៃទឹកជូនប្រជាពលរដ្ឋពី ១១០ ដុល្លារ/ហិកតា មកត្រឹមតែ ៩៥ ដុល្លារ/ហិកតា ក្នុងដំណាក់កាលជាបណ្តោះអាស្នន ក្រោយមានការតភ្ជាប់បណ្តាញអគ្គិសនី រដ្ឋបាលខេត្ត នឹងបន្តពិភាក្សាតម្លៃទៀត តាមស្ថានភាពជាក់ស្តែង ៕