សេង ណារិទ្ធ
ខេត្តកែប៖ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (VCFA) ដើម្បីសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវអញ្ជើញដឹកនាំប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកិច្ចសហប្រតិបត្តិការរវាងសមាគមនៃប្រទេសទាំង២(កម្ពុជា-វៀតណាម) នៅក្នុងទឹកដីខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះ រដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់លោក សោម ពិសិដ្ឋ បានសំដែងនូវការអបអរសាទរ កោតសសើរ វាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងសហប្រតិបត្តិការរៀបចំនូវកិច្ចប្រជុំដ៏មានសារសំខាន់នេះឡើង ក្នុងគោលបំណងដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព រវាងប្រទេសទាំងពីរ (កម្ពុជា វៀតណាម) សំដៅឈានទៅរកការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាការពិត សមាគមមិត្តភាពវៀតណាម-កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពូនជ្រំស្មារតីមិត្តភាព និងបង្កើតភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈសកម្មភាពជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ច និងវប្បធម៌, គណៈចលនាមហាជន , គណៈកម្មាធិការរណសិរ្យ សមាគមនារី និងសម្ព័ន្ធយុវជនជាដើម។
ជាការឆ្លើយតប លោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ដែលបានទទួលជួបសំណេះសំណាលជាមួយលោកជំទាវ និងគណៈប្រតិភូ យ៉ាងស្និទ្ធស្នាល និងសប្បាយរីករាយ ក្នុងឱកាសនោះផងដែរ លោកជំទាវ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានជម្រាបជូន អំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពការងាររបស់សមាគម និងភាពរីកចម្រើននៃបណ្តាវិស័យក្នុងប្រទេសវៀតណាម ។
លោកជំទាវប្រធាន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា តាមរយៈការចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកិច្ចសហប្រតិបត្តិការរវាងសមាគមនៃប្រទេសទាំង២(កម្ពុជា-វៀតណាម) នាឱកាសនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម នឹងកាន់តែមានការរីកចម្រើនរឹងមាំបន្ថែមទៀត៕