បញ្ជូនយោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន ៤២នាក់ទើបជ្រើសរើសថ្មីជាប់ជាស្ដារពរ ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ

0

ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានធ្វើពិធី ជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលទើបជ្រើសរើសថ្មីជាប់ជាស្ថាពរ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ព្រឹក ថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ២០២៤។
ពីធីមានការចូលរួម  ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត   ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៩ និងយោធិន នៃកងរាជអាវុធហត្ថដែលទើបជ្រើរើសថ្មី ចំនួន៤២នាក់  ព្រមទាំងមាតា-បិតា និងអាណាព្យាយោធិនបាលប្រហែល ២០០នាក់ផងដែរ។

ក្នុងពិធីជូនដំណើរយោធិន ដែលទើបជ្រើសរើសថ្មី ទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយនោះ លោកឧត្តមសេន៏យ៍ត្រី បោន ប៊ិន បានធ្វើការផ្តាំផ្ញើរដល់ប្អូនៗបានប្រឡងជាប់ជាយោធិននៃកងរាជអាវុធហត្ថ ពេលដែលចូលទៅសាលាហ្វឹកហ្វឺន ត្រូវខិតខំប្រឹងប្រែង រៀនសូត្រគ្រប់មុខវិជ្ជាឲ្យបានល្អប្រសើរ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគត ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ខិតខំរៀនសូត្រ រក្សាសាមគ្គីភាព គោរពវិន័យបទបញ្ជាផ្ទៃក្នុង របស់សាលាឲ្យបានមុឺងម៉ាតបំផុត គោរពនិងអនុវត្តមុឺងម៉ាត់នៅច្បាប់លក្ខន្តិកៈទូទៅ  ចំពោះយោធពលខេមភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ គោរពអនុវត្តឲ្យបានមុឺងម៉ាត់នៅរាល់បទបញ្ជានិងការចាត់តាំងរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខិតខំប្រតិបត្តិ តួនាទីភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ដែលថ្នាក់ដឹកនាំបានប្រគល់ឲ្យនៅពេលបញ្ចប់វគ្គ។

ឯកឧត្ដម អ៊ុ រាត្រី  បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកម្លាំងកងរាជអាវុធហត្ថខេត្ត ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ អនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនទាំងយប់ទាំងថ្ងៃភ្លៀងរលឹមពុំខ្លាចនឿយហត់ព្រមទាំងបានការពារសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋរស់ក្នុងខេត្តបន្ទាយមានជ័យ ដោយសម្រេចបានលទ្ធផលជាទីមោទនផងដែរ។
ឯកឧត្ដមអ៊ុ រាត្រី មានប្រសាសន៍បន្តទៀតថាកងរាជអាវុធហត្ថ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់សាធារណៈ ថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ យ៉ាងសកម្មនិងជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗជាច្រើនទៀត មិនតែប៉ុណ្ណោះកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបនូវបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងបង្ក្រាបបទល្មើសផ្សេងៗជាច្រើនទៀត។
ឯកឧត្ដមអ៊ុ រាត្រី បានធ្វើការដាស់តឿនដល់យោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលទើបជ្រើសរើសថ្មី ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រស្ដាប់គ្រូឧទេ្ទស គោរពវិន័យ គោរពច្បាប់ ច្បាប់លក្ខន្តកៈរបស់កងទ័ពឲ្យបានខ្ជាប់ខ្ជួន ពេលសិក្សារៀនសូត្រចប់ត្រូវបម្រើប្រទេសជាតិ និងការពារសន្តិសុខឲ្យបានល្អប្រសើរផងដែរ។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភ ដល់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី ជាប់ជាស្ថាពរចំនួន ១០លានរៀលសំរាប់ផ្គត់ផ្គងក្នុងហ្វឹកហ្វើនដល់យោធិន នៃកងរាជអាវុធហត្ថ ទាំង៤២នោះផងដែរ៕