ខេត្តស្ទឹងត្រែង៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានដឹកនាំកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតទាំង ៤ប៉ុស្តិ៍ សហការជាមួយសហគមន៍នេសាទកោះជ្រឹម បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ក្នុងតំបន់អន្លង់ត្បូងខ្លា អន្លង់កោះកូនសត្វ និងអន្លង់កោះសន្ទក់ ក្នុងរយៈពេល ៣ថ្ងៃមកនេះ ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹងថា នៅក្នុងកិច្ចសហការរវាងមន្ត្រីខណ្ឌ ឆ្មាំទន្លេ និងសហគមន៍នេសាទ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដែលធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ធ្នូ២០២៤ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាប និងដកហូតមង ៣៨ត្បូង ក្រឡា ០៥-០៩-១២-១៦ និង១៧សង់ទីម៉ែត្រ មានប្រវែង ២ពាន់ ៨៨៥ម៉ែត្រ និងសន្ទូចរនង ១៧ខ្សែ មានប្រវែង ១ពាន់ ៥២០ម៉ែត្រ សរុប ៤ពាន់ ៤០៥ម៉ែត្រ ស្មើនឹង ១ពាន់ ៩៩០ផ្លែសន្ទូចរនង។
មន្ត្រីខណ្ឌរដ្ឋបាលជលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កម្រិតទឹកចាប់ផ្ដើមស្រក ត្រីចាប់ផ្ដើមធ្វើដំណើរចេញពីតំបន់ខ្សែទឹកខាងក្រោម មករកទីជម្រក និងចំណីក្នុងខេត្តស្ទឹងត្រែងវិញ ដែលជាហេតុធ្វើឲ្យប្រជានេសាទនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ចាប់ផ្ដើមលួចនេសាទដោយប្រើប្រាស់ឧបករណ៍ហាមឃាត់ ដែលធ្វើឲ្យមានហានិភ័យដល់សត្វផ្សោតទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង។
ខណ្ឌរដ្ឋបាលជលស្ទឹងត្រែង បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ឱ្យចូលរួមថែរក្សា និងការពារសត្វផ្សោតទាំងអស់គ្នា ព្រោះសត្វផ្សោតនេះ គឺជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ មានតម្លៃជាសាកលលើពិភពលោក និងជារតនៈសម្បត្តិមានជីវិតរបស់ប្រទេសកម្ពុជាយើង៕ដោយ៖ឡុង សំបូរ