អភិបាលខេត្តស្ទឹងត្រែង ប្រគល់ម៉ូតូពីរគ្រឿង ជូនម្ចាស់ដើមវិញ និងកម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យម្នាក់ក្នុងចំណោម ៥នាក់ទៅតុលាការខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានអញ្ជើញប្រគល់ម៉ូតូ ២គ្រឿង ដែលបានបាត់ជាង ១ខែមុន ជូនទៅម្ចាស់ដើមវិញ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្ត បានបើកការស្រាវជ្រាវ និងពន្លាតនីតិវិធី កំណត់បាននូវមុខសញ្ញា និងឈានទៅឃាត់ខ្លួនជនសង្ស័យ ៥នាក់ ទាំងចោរលួច និងអ្នកទិញ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ និងបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងពីខេត្តរតនគិរី មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ហើយនៅទី៩ធ្នូនេះ ជនសង្ស័យម្នាក់ ក្នុងចំណោម ៥នាក់ ត្រូវបានបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង។

មេបញ្ជការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានឱ្យដឹងថា កាលពីថ្ងៃទី៤វិច្ឆិកា២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្តឹងពីករណីបាត់ម៉ូតូ ១គ្រឿង ប្រភេទ Scopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GG-5629 របស់ប្រជាពលរដ្ឋរស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ លោកបន្តថា រហូតដល់ថ្ងៃទី៦ធ្នូ២០២៤ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបាន ២នាក់ និងនៅថ្ងៃទី៧ធ្នូ២០២៤ កម្លាំងជំនាញអាវុធហត្ថខេត្ត បានពន្លាតដែនដី (នីតិវិធី) ទៅឃាត់ខ្លួនជនសង្ស័យ ៣នាក់បន្ថែមទៀត នៅខេត្តរតនគិរី និងបានរកឃើញម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដា ឌ្រីមសង់ C-125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ដែលបានលួចពីខេត្តស្ទឹងត្រែង យកទៅលក់នៅខេត្តរតនគិរី។

លោកឧត្តមសេនីយ៍ត្រី សេង សុភាព​ បានបញ្ជាក់ថា ដោយមានការឯកភាពពី លោកសរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងក្រោមការសម្របសម្រួលពី លោក ជា សុភ័ក្ត្រ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានសម្រេចដោះលែងជនសង្ស័យ ៤នាក់ ដែលស្ថិតក្នុងវ័យជាអនីតិជន(មិនទាន់គ្រប់អាយុ) និងអ្នកទទួលទិញម៉ូតូ បន្ទាប់ពីធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យារវាងសមត្ថកិច្ចជំនាញ និងអាណាព្យាបាលជនទាំង ៤នាក់។ ចំណែកជនសង្ស័យម្នាក់ ក្នុងអំពើចោរកម្ម ឈ្មោះ ឌិត ចាន់ដេវិត អាយុ ១៦ឆ្នាំ ត្រូវបានបញ្ជូនទៅតុលាការខេត្ត នៅថ្ងៃទី៩វិច្ឆិកា២០២៤នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក ជនសង្ស័យ ២នាក់ទៀត ម្នាក់ឈ្មោះ ហ៊ីង គឹមហួត ហៅ សិទ្ធិ ភេទប្រុស អាយុ ១២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ហេង ភេទប្រុស អាយុ ២២ឆ្នាំ ជនសង្ស័យទាំងពីរនាក់ កំពុងរត់គេចខ្លួន និងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស្វែងរកខ្លួននោះហើយ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ថា ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ លើករណីបាត់ម៉ូតូ លោកបានដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីបើកការអង្កេត ស្រាវជ្រាវបន្ទាន់ និងក្រោមការសម្របសម្រួលនីតិវិធីពី អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ ជាលទ្ធផល កម្លាំងជំនាញបានធ្វើការកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងទៅយកម៉ូតូបានមកវិញ ពីខេត្តរតនគិរី។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបញ្ជាក់ថា ក្នុងនាម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរ លោកព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំប្រឹងប្រែងអង្កេត ស្រាវជ្រាវ និងពន្លាតនីតិវិធី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងបានយកម៉ូតូមកប្រគល់ជូនប្រជាពលរដ្ឋវិញ ដោយសុវត្ថិភាព។

ប្រជាពលរដ្ឋម្ចាស់ម៉ូតូ បានសម្តែងការអរគុណ ចំពោះលោកអភិបាលខេត្តស្ទឹងត្រែង ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គិតគូពីភាពសុខទុក្ខ និងសុត្ថិភាពជូនពួកគាត់ ក៏ដូចប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ទាំងមូលផងដែរ៕ដោយ៖ឡុង សំបូរ