កំពង់ចាម: ប្រជាពលរដ្ឋក្នុង ស្រុកស្ទឹងត្រង់ បានស្នើសុំការស្តារអាងទឹក ភ្លើងបំភ្លឺផ្លូវ សុំស្ពានឆ្លងស្ទឹង រួមនឹងបញ្ហាផ្សេងៗ ចំនួន ២១ករណី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវត្តពោធិមង្គល (វត្តទួលព្រះឃ្លាំង) ស្ថិតក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។



ក្នុងឱកាសនោះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់ រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕