ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកងកម្លាំងរៀបចំឧបករណ៍លំហាត់ប្រាណ ដើម្បីថែរក្សាសុខភាពរឹងមាំរបស់កងទ័ព

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំកងកម្លាំងរៀបចំឧបករណ៍កីឡាចំនួន១៣ មុខ ក្រោមជំនួយឧបត្ថម្ភរបស់គណៈបញ្ជាការយោធាខេត្តប៊ីញភឿក នៃកងទ័ពប្រជាជនវៀតណាម តាមរយៈក្រុមការងារជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម កា៧២  ដែលមានតម្លៃ ៧,៥៥០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់នាយទាហាន នាយទាហានរង និងពលទាហាន ប្រើប្រាស់ក្នុងលំហាត់ប្រាណថែរក្សាសុខភាពរឹងមាំ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះគណៈបញ្ជាការយោធាខេត្តប៊ីញភឿក នៃកងទ័ពប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភឧបករណ៍សម្រាប់ហាត់ប្រាណ ពង្រឹងសុខភាពចំនួន ១៣មុខ តាមរយៈក្រុមការងារបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តកំពង់ធំ ដែលត្រូវបានរៀបចំនៅពេលនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ផ្នែកវិស្វកម្ម និងកងកម្លាំងទាំងអស់ដែលមានភារកិច្ចរៀបចំប្រព័ន្ធឧបករណ៍ហាត់ប្រាណ នៅពេលនេះ ត្រូវធ្វើការរៀបចំឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមានគុណភាព ធានាឱ្យកងកម្លាំងយោធិន ក្នុងការធ្វើលំហាត់ប្រាណ ប្រកបដោយផាសុកភាព ពង្រឹងកាយសម្បទារឹងមាំ ក្នុងភារកិច្ចការពារជាតិសាសនាព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ។ ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំបន្ថែមដល់ក្រុមវិស្វកម្មនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវរៀបចំកែលម្អសោភ័ណភាព ក្នុងទីធ្លាលំហាត់ប្រាណនេះបន្ថែមទៀត ដោយត្រូវចាក់បេតុងបាតក្រោមឲ្យបានស្មើល្អ និងរៀបចំដាំដើមឈើ សួនផ្កា ដើម្បីលម្អសោភ័ណភាព និងមានផាសុខភាពល្អ ជូនយោធិនយើង៕