សៀមរាប៖ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានដឹកនាំកម្លាំអ្នកស្ម័គ្រចិត្ត និងយុជនកាកបាទក្រហមកម្ពុជា ជួយជួសជុលផ្ទះប្រជាពលរដ្ឋងាយរងគ្រោះមួយខ្នង ទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ និងមានសំយ៉ាបមុខ ៣ម៉ែត្រ នៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤ ។
ម្ចាស់ផ្ទះខាងលើឈ្មោះ ប៉េក ស៊ីលាប ភេទប្រុស អាយុ ៣០ឆ្នាំ (ជាកសិករ មានពិការភាព) និងប្រពន្ធឈ្មោះ អឿម សាយ អាយុ៣៩ឆ្នាំ មានកូនប្រុសម្នាក់ឈ្មោះ វុឌ្ឍី ណារ៉ាវង្ស អាយុ៧ឆ្នាំ រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សា តាប្រុក។
ដោយមើលឃើញពីការលំបាក និងដើម្បីជួយសម្រួលក្នុងការស្នាក់នៅ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់ឯកឧត្ដម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនៃកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជួយជួសជុលផ្ទះប្រជាពលរដ្ឋដូចមានឈ្មោះខាងលើ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយនេះជាការលើកម្ពស់តម្លៃមនុស្សធម៌ក្នុងការរស់នៅផងដែរ។ ឆ្លើយតបនឹងទិសស្លោក “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” “ទីណាមានទុក្ខលំបាក ទីនៅមានកាកបាទក្រហមកម្ពុជា” និង “កម្លាំងអ្នកស្ម័គ្រចិត្ត ប្រសិទ្ធភាពមនុស្សធម៌” កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពជាច្រើនជួយដល់សហមគមន៍មូលដ្ឋាន តាមរយៈកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា។
ជាក់ស្ដែងថ្ងៃនេះ កម្លាំងសាមគ្គីដោយការស្ម័គ្រចិត្តរបស់គហគមន៍ ក្រោមការដឹកនាំរបស់កាកបាទក្រហកម្ពុជា ពិតណាស់បានជួយសម្រាលទុក្ខលំបាកគ្រួសារមួយនេះ ឱ្យមានជម្រករស់នៅសមរម្យឡើងវិញ ប្រកបភាពមនុស្សធម៌៕