អភិបាលខេត្តកំពង់ចាម ចុះពិនិត្យបច្ចេកទេសសាងសង់ស្ពានឫស្សីរមណីយដ្ឋានកោះប៉ែន ដើម្បី ទទួលភ្ញៀវទេសចរណ៍ ក្នុងឱកាសឆ្លងឆ្នាំសកល

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អមដំណើរដោយមន្ត្រីពាក់ពន្ធ័ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យបច្ចេកទេសសាងសង់ស្ពានឬស្សីរមណីយដ្ឋាន កោះប៉ែន រួមជាមួយការកែច្នៃ តុបតែង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៤-២០២៥ ឆាប់ៗខាងមុខនេះ ។

បើតាមលោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន បានឱ្យដឹងថា ស្ពាន ឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន មានប្រវែង១០០០ម៉ែត្រ ទទឹង ២ម៉ែត្រ ដែលបច្ចុប្បន្នការ សាងសង់សម្រេចបានប្រមាណជា ៩៩% ហើយ ។

លោក ប៊ុន ដារ៉ា បានបញ្ជាក់ថា ស្ពានឬស្សីឆ្នេរកោះប៉ែននេះ អាចនឹងសាងសង់រួច និងតុបតែង​១០០% ក្នុងរយៈពេល១សប្តាហ៍ទៀត ទោះជាយ៉ាងណាបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងឡាយអាច ធ្វើដំណើរឆ្លងកាត់ស្ពានដោយថ្មើជើង មកកំសាន្តនៅឆ្នេរកោះប៉ែននេះ ចាប់ពីឥឡូវនេះតទៅបាន ។

លោកប្រធានរមណីយដ្ឋាន បានឱ្យដឹងដែរថា ក្រុមការងារដែលដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះមកពិនិត្យស្ពានឬស្សីនោះ គឺឯកឧត្តមអភិបាលខេត្ត បាន ធ្វើការណែនាំ ឱ្យលោក រៀបចំដាក់ទង់ជាតិខ្មែរឱ្យបានច្រើនតាមបណ្តោយស្ពានឬស្សី ដើម្បីជា ការទាក់ទាញភ្ញៀវទេសចរណ៍ និងណែនាំឱ្យមន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងមន្ទីរវប្បធម៌ សហការជាមួយរមណីយដ្ឋានឆ្នេរកោះប៉ែន ដើម្បីរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំ ២០២៤-២០២៥ នៅ លើឆ្នេរខ្សាច់រមណីយដ្ឋានកោះប៉ែននោះផងដែ ។

គួរបញ្ជាក់ផងដែរថា ស្ពានឬស្សីកោះប៉ែននេះ គឺជាស្ពានមានសសរឫស្សី សម្រាប់ទ្រទម្ងន់ រាប់ម៉ឺន ដើម និងមានទទឹង ២ម៉ែត្រ និងបណ្តោយប្រវែងជាង ១០០០ម៉ែត្រ ។ តាមការប៉ាន់ស្មាន ការ សាងសង់គម្រោងនេះ ត្រូវចំណាយថវិកា ប្រមាណជា ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕