ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចាក់បេតុង កែលម្អសោភ័ណភាពវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀម​អបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ៧ មករា

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំក៏កម្លាំងផ្នែកសឹករងស្ទឹងសែន ចាក់បេតុងកែលម្អសោភ័ណភាពក្នុងបរិវេណវិមានរំលឹកគុណយុទ្ធជនពលី ដោយសារសង្គ្រាម  ដើម្បីត្រៀមចូលរួមអបអរសាទរខួបលើកទី ៤៦ ទិវាបុណ្យជាតិ( ៧មករា ឆ្នាំ១៩៧៩ ៧មករា ឆ្នាំ២០២៤) ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ឯក ហែម ថន មេបញ្ជាការរង តំណាងលោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បញ្ជាក់ថា គម្រោងដែលត្រូវចាក់បេតុងបន្ថែមនៅពេលនេះគឺមានទំហំ​ ១,១៧០​ ម៉ែត្រការ៉េ ដោយរៀបចំបាតក្រោមក្រាលឫស្សី និងថ្មប្រភេទ០,១សង់ទីម៉ែត្រ គុណ និង០,២ សង់ទីម៉ែត្រ  មានកម្រាស់ ៥០សង់ទីម៉ែត្រ ដើម្បីកែលម្អសោភ័ណភាពក្នុងបរិវេណវិមានរំលឹកគុណយុទ្ធជនពលី ដោយ​សារ​សង្គ្រាម​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា កន្លងមកនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលលោកនៅជាមេបញ្ជាការកងទ័ពជើងគោក លោកបានជួយឧបត្ថម្ភរៀបចំបេតុងគ្របផ្នូរសព និងចាក់បេតុងក្នុងបរិវេណ​ផ្នូរសពឱ្យមានសោភ័ណភាព ដើម្បីជាទីគោរពសក្ការៈ និងជាការដឹងគុណដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវរៀបចំសម្ភារៈគ្រឿងសំណង់ ដែលត្រូវចាក់បេតុងឲ្យបានស្របតាមលក្ខណៈបច្ចេកទេសដើម្បីមានគុណភាពល្អ មាន​សោភ័ណភាព​ ត្រៀមរៀបចំពិធីមិទិ្ទញរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៦ឆ្នាំ នៃទិវាបុណ្យជាតិ ៧មករា ដែលនឹងឈានចូលមកដល់នៅពេលដ៍ខ្លីខាងមុខនេះ។ ជាមួយនោះដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានថ្លែងនូវការគោរពដឹងគុណចំពោះវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម រួមចំណែកជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះ និង​សូម​គោរព​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ពួកគាត់​បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​៕