មន្រ្តីជំនាញពីមន្ទីរព័ត៌មានរាជធានី-ខេត្តទទួលបានការបណ្តុះបណ្តាលពីបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូ ដើម្បីពង្រឹងគុណភាពនៃការផលិតព័ត៌មាន

0

រាជធានីភ្នំពេញ៖ ជាផ្នែកនៃការអភិវឌ្ឍមូលធនមនុស្សដែលមានចំណេះជំនាញពិតប្រាកដ ក្នុងគោលដៅពង្រឹងគុណភាពនៃការផលិតព័ត៌មានឱ្យកាន់តែប្រសើរថែមទៀត មន្រ្តីជំនាញពីមន្ទីរព័ត៌មានរាជធានី-ខេត្តសរុប៣០នាក់ បានទទួលការបណ្តុះបណ្តាលលើបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូ  នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ សិក្ខាសាលាបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅមួយថ្ងៃពេញ ក្រោមអធិបតីភាព ឯកឧត្តម សំបូរ វណ្ណារិទ្ធិ អនុរដ្ឋលេខាក្រសួងព័ត៌មាន ដោយមានគ្រូបង្គោលពីប្រទេសសិង្ហបុរីមួយរូប និងគ្រូបង្គោលជាជនជាតិខ្មែរមួយរូប។

ចំណេះដឹងជាមូលដ្ឋាន ជំនាញ ក៏ដូចជាបទពិសោធន៍ និងការអនុវត្តល្អៗ លើការប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូ ដែលបានចែករំលែកនៅក្នុងសិក្ខាសាលានេះ នឹងគាំទ្របន្ថែមដល់ការផលិតព័ត៌មាននៅតាមបណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្ត កាន់តែមានគុណភាពខ្ពស់ ស្របតាមការរីកចម្រើនសង្គមក្នុងបរិបទឌីជីថល ការវិវត្តផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងតម្រូវការព័ត៌មានរបស់ប្រជាជន។

គួររំលឹកផងដែរថា កាលពីថ្ងៃខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្នុងក្របខ័ណ្ឌការធ្វើទំនើបកម្មស្ថាប័ន ពង្រឹងសមត្ថភាព គុណភាពការងារ និងប្រសិទ្ធភាពស្ថាប័ន ក្រសួងព័ត៌មាន ក្រោមកិច្ចសហតិបត្តិការជាមួយក្រុមហ៊ុន Thaicom Coltd.,Limited បានផ្តល់ជូននូវសម្ភារៈបម្រើឱ្យការងារផលិតនិងផ្សព្វផ្សាយព័ត៌មាន ដល់មន្ទីរព័ត៌មានខេត្តរាជធានី-ខេត្ត ដោយក្នុងមួយមន្ទីរទទួលបាន ម៉ាសុីនថតវីដេអូ ១គ្រឿង ជើងកាមេរ៉ា១ ម៉ាសុីនថតរូប ១គ្រឿង កុំព្យូទ័រសម្រាប់ការកាត់តមួយសម្រាប់ ១សម្រាប់ រួមទាំងសម្ភារៈមួយចំនួនផ្សេងទៀត៕