បន្ទាយ មានជ័យ៖ លោក យឹម សំណាង អភិបាល រងខេត្តបន្ទាយមានជ័យ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព សិក្ខាសាលា ស្តីពី”វេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ដើម្បីការអប់រំសម្រាប់កុមារនៅបឋមសិក្សាក្នុងខេត្តបន្ទាយមានជ័យ” ដែលរៀបចំឡេីងដោយអង្គការទស្សនៈពិភពលោក (World Vision), អង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍-កម្ពុជា (SEAPC-C), អង្គការរូមធូរីដ (RtR), អង្គការហ្គូដណេប៊ឺស(Good Neighbors) រួមនឹងអង្គការដៃពាក់ព័ន្ធ ដែលមានយៈពេល១ថ្ងៃពេញ ប្រារព្ធ ធ្វើឡើង នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៤។
លោកស្រី ងួន សោភ័ណ្ឌ ប្រធានប្រចាំតំបន់ខេត្តបន្ទាយមានជ័យ បាត់ដំបង នៃអង្គការទស្សនៈពិភពលោក (World Vision) បានបញ្ជាក់ ឱ្យដឹងថា វេទិកានេះ ជាវេទិកាមួយដែលផ្តោតលើការអប់រំរបស់កុមារដែលរៀបចំដោយក្រុមបណ្តាញគាំទ្រគុណ ភាណអប់រំ (PESWG) និងគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា។ វេទិកានេះមានគោលបំណង៣សំខាន់ៗគឺ ១-ឆ្លុះបញ្ចាំងពីវឌ្ឍនៈភាពនៃផែនការសកម្មភាព ពីវេទិការៀនសូត្រលើកទី១, ២-ចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗ និងការរៀនសូត្រផ្សេងៗ ពាក់ព័ន្ធនិងលទ្ធផលការរៀន សូត្ររបស់កុមារ ជាពិសេសកុមារបាត់បង់ឱកាសនៅក្នុងកម្រិតបឋមសិក្សា, ៣-ស្វែងរកការគាំទ្រពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមចំពោះគុណភាពនៃការសិក្សារបស់កុមារងាយគ្រោះនិងកុមារបាត់បងឱកាសិក្សា។
នាឱកាសនោះដែរលោក យឹម សំណង បានលេីកឡេីងថា រាជរដ្ឋាភិបាល អាណត្តិ ទី៧ បានចាត់ទុក “ការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាពទី១”។ លោក ក៏បានបញ្ជាក់ថា ធនធានមនុស្ស ជាទុនមួយយ៉ាងសំខាន់បំផុតមិនអាចខ្វះបានដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាតិយើង។ ដូច្នេះដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសម្រេចបានផែនការនេះ ក្រសួងអប់រំ មន្ទីរអប់រំ ការិយាល័យអប់រំ សាលារៀន សហគមន៍ អ្នកអាណាព្យាបាល និងអង្គការដៃគូ ទាំងអស់គួរតែសហការគ្នា ក្នុងការពង្រឹងគុណភាពនៃការអប់រំតាមសាលារៀន និងសហគមន៍របស់ខ្លួនប្រកបដោយសមធ៌។ក្នុងនាមរដ្ឋបាលខេត្តលោក ក៏បានថ្លែងនូវកោតសសើរដោយស្មោះចំពោះមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអង្គការដៃគូអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែងដើម្បីលើកស្ទួយគុណភាពអប់រំនៅខេត្ត ដែលបានទទួលលទ្ធផលគួរជាទីមោទនៈពីមួយឆ្នាំទៅមួយឆ្នាំ។
សូមជម្រាបជូនថា វេទិកានេះក៏ផ្តល់ឳកាសដល់អ្នកពាក់ព័ន្ធនានាបានជជែកគ្នាអំពីបញ្ហាប្រឈមដែលធ្វើឱ្យរាំងស្ទះដល់ការសិក្សារៀនសូត្ររបស់កុមារ ឬក៏អាចធ្វើអោយកុមារបាត់បង់ឳកាសក្នុងការរៀនសូត្រផងដែរ។ ហេីយក៏មានការជជែកគ្នាពីដំណោះស្រាយ និងផែនការបន្តដើម្បីធ្វើយ៉ាងណាឱ្យកុមារគ្រប់រូមមានឱកាសបានចូលរៀននិងទទួលបានគុណភាពអប់រំប្រកបដោយសមធ៌ និងបរិយាបន្ន។ ដែលវេទិកានេះ ក៏ជាការចូលរួមចំណែកមួយផ្នែកដើម្បីជួយលើកស្ទួយគុណភាពនៃការអប់រំ នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឆ្ពោះទៅសម្រេចបាន “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ឆ្នាំ២០៣០” របស់ក្រសួងអប់រំយុវជននិងកីឡា៕ដោយ៖ឃិន គន្ធា