កំពង់ធំ÷ កន្លងទៅថ្មីៗនេះ ឯកឧត្តម គឹម ចាន់សំណាង អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំផាត់សណ្ដាយ លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំផាត់សណ្តាយ រួមជាមួយលោក លោកស្រី ជាអនុប្រធាន និងជាសមាជិកក្រុមការងារ បានដឹកនាំក្រុមការងារបើកវេទិកាសាធារណៈនៅមូលដ្ឋានឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ២៥០នាក់។
នាឱកាសនោះ ឯកឧត្តម គឹម ចាន់សំណាង បានគូសបញ្ជាក់ថា នេះជាការបើកវេទិកាសាធារណៈលើកទី១ ហើយក្នុងអាណត្តិទី៧ នៅមូលដ្ឋានឃុំផាត់សណ្តាយនេះ ដើម្បីបង្កឱកាសឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានបានសម្ដែងមតិ លើកឡើងពីការវិវត្តនានានៅមូលដ្ឋាន បញ្ហាប្រឈម ទុក្ខកង្វល់ និងអាចលើកឡើងជាសំណូមពរនានាពាក់ព័ន្ធនឹងជីវភាពរស់នៅផ្ទាល់ជូនទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីរកការដោះស្រាយសមស្រប។ ឯកឧត្តមក៏បានឆ្លៀតផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយផងដែរ។
ប្រជាពលរដ្ឋដែលចូលរួមវេទិកាបានលើកឡើងនូវក្ដីកង្វល់និងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងរបរនេសាទរបស់ពួកគាត់ ដូចជា÷ ទិន្នផលត្រីថយចុះ កន្លែងនេសាទតូចចង្អៀត តំបន់ខ្លះដែលធ្លាប់នេសាទបានត្រូវបានដាក់ចូលជាតំបន់កដប (Bottle Neck) ជាកន្លែងអភិរក្ស កន្លែងខ្លះមានមន្ត្រីខិលខូចខ្លះទៅជំរិតទារប្រាក់ច្រេីន និងមានអាជ្ញាធរចុះបំផ្លាញឧបករណ៍នេសាទរបស់ពួកគាត់ជាច្រេីនករណី។ បន្ថែមពីលើនេះ បង្គោលព្រំប្រទល់ខេត្តកំពង់ឆ្នាំង បានរំកិលចូលមកទឹកដីខេត្តកំពង់ធំយ៉ាងជ្រៅ ជាហេតុបង្កឱ្យមានការហាមឃាត់មិនឱ្យពួកគាត់អាចចូលទៅនេសាទនៅកន្លែងដែលពួកគាត់ធ្លាប់អាស្រ័យផលពីមុន។ ឯបញ្ហាក្មេងទំនើង ចោរលួច និងការប្រេីប្រាស់គ្រឿងញៀន ក៏កើតមានច្រេីនករណីដែរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានទទូចឱ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីជលផល ដោយដាក់មានបញ្ចូលឧបករណ៍នេសាទមួយចំនួនរបស់ពួកគាត់ ហើយសូមឱ្យឆាប់ដាក់ឱ្យអនុវត្តផងដែរ។
ឆ្លើយតបនឹងក្ដីកង្វល់និងសំណូមពរទាំងនេះ ឯកឧត្តម គឹម ចាន់សំណាង ប្រធានក្រុមការងារថ្នាក់ជាតិ ក៏បានស្នើឱ្យប្រធានក្រុមប្រឹក្សាឃុំ និងស្ថាប័ន្ធពាក់ព័ន្ធជួយពិនិត្យ និងរកមុខសញ្ញាប្រេីប្រាស់ និងជួញដូរគ្រឿងញៀន យកមកចាត់ការទៅតាមនិតិវិធីច្បាប់។ ចំណែករឿងមន្រ្តីខិលខូចជំរិតទាមទារប្រាក់ពីប្រជាពលរដ្ឋប្រកបរបរនេសាទ និងបញ្ហាស្នេីសុំដីនៅលេីគោក ឯកឧត្តមប្រធាន និងក្រុមការងារនឹងចងក្រងជារបាយការណ៍បញ្ជូនទៅថ្នាក់ស្រុក ខេត្ត និងថ្នាក់ជាតិ ដេីម្បីសុំគោលការណ៍អនុវត្ត។
ឯកឧត្តមប្រធាន ក៏បានស្នើឱ្យពលរដ្ឋចេះរួបរួមសាមគ្គីគ្នា ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា គោរពច្បាប់ និងសហការជាមួយអាជ្ញាធរដើម្បីធានាដល់ការអភិវឌ្ឍ និងសន្តិសុខនៅមូលដ្ឋានរបស់ខ្លួន៕