កម្លាំងយោធាក៏ជាផ្នែកមួយក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបការកាប់ឈើក្នុងព្រៃសហគមន៍ ការដាក់អន្ទាក់សម្លាប់សត្វព្រៃ និងការកាប់ព្រៃកន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ

0

ខេត្តស្ទឹងត្រែង៖ នៅរយៈកាលចុងក្រោយនេះ គេសង្កេតឃើញថា ការកាប់ឈើក្នុងព្រៃសហគមន៍ ការលបលួចបរបាញ់ ដាក់អន្ទាក់សម្លាប់សត្វព្រៃ និងការកាប់ព្រៃកន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។

កត្តានេះទាំងបានញ៉ាំងឱ្យអាជ្ញាធរខេត្ត ក្រុង ស្រុកមានការយកចិត្តទុកដាក់ ហើយបានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ ពិសេសកម្លាំងយោធា សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើនៅថ្នាក់មូលដ្ឋាន បន្តចុះទប់ស្កាត់ និងបង្ក្រាបគ្រប់ទម្រង់ ក្នុងគ្រប់សកម្មភាពប្រព្រឹត្តបទល្មើស នៅក្នុងដែនដីរដ្ឋបាលដែលខ្លួនគ្រប់គ្រង។

ជាក់ស្តែង នៅច្រើនថ្ងៃកន្លងមកនេះ ជាពិសេសនៅថ្ងៃទី១៩ធ្នូ២០២៤ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាសហគមន៍ការពារព្រៃឈើ ដែលដឹកនាំដោយ នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ លោក ហ៊ុន សំអឿន ក្រោមការអនុញ្ញាតិពី ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានចុះល្បាតក្នុងដែនព្រៃសហគមន៍ភ្នំរមៀត ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ក៏ដូចដែនព្រៃការពារនានាទៀត ដើម្បីទប់ស្កាត់ការកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍ ការកាប់ឈើធ្វើអាជីវកម្ម ការលបលួបបរបាញ់ និងការដាក់អន្ទាក់សម្លាប់សត្វព្រៃ ដែលជាការអនុវត្តវិធានការព្រៃឈើ និងធនធានធម្មជាតិ ជីវចម្រុះ ឈានទៅបង្កើនឥណទានកាបូនព្រៃឈើ ក្រោមគម្រោងរេដបូកមេគង្គ ជំហាន១ នៃខេត្តស្ទឹងត្រែង។

នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ លោក ហ៊ុន សំអឿន បានប្រាប់ឱ្យដឹងថា មន្ត្រីផ្នែកព្រៃឈើ បានសហការជាមួយកម្លាំងស្រុក ភូមិ ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល យោធា និងប្រជាសហគមន៍បន្តចុះល្បាត ដើម្បីបង្កើនកិច្ចការពារព្រៃសហគមន៍  ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោក ហ៊ុន សំអឿន បានបន្តថា ព្រៃសហគមន៍នេះស្ថិតនៅប៉ែកខាងជើង ឃុំសំអាងជាប់មួយផ្នែកក្នុងទឹកដីឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ មន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឱ្យបានដឹងពីប្រយោជន៍សំខាន់ ដែលយើងទទួលបានពីគម្រោងរេដបូកមេគង្គ ជំហានទី១  មានគោលបំណងលើកកម្ពស់ចំណេះដឹងដល់ពួកគាត់ នៅមូលដ្ឋានក្នុងផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញប្រជាសហគមន៍ចូលរួមការពារព្រៃឈើ ធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីបង្កើនឥណទានកាបូនព្រៃឈើ  នៅខេត្តស្ទឹងត្រែង។

ប្រជាសហគមន៍ភ្នំរមៀត លោក គង់ ធារដ្ឋ បានគាំទ្រចំពោះការផ្តល់ព័ត៌មានច្បាស់លាស់នេះពីមន្ត្រីជំនាញ ព្រោះបានធ្វើឱ្យប្រជាសហគមន៍ កាន់តែប្រមូលកម្លាំង បន្តធ្វើសកម្មភាពចុះល្បាតតាមព្រៃសហគមន៍ ព្រមទាំងបង្ក្រាបនូវសកម្មភាព ដូចជា ការកាប់ឈើក្នុងព្រៃសហគមន៍ ការដាក់អន្ទាក់សម្លាប់សត្វព្រៃ និងការកាប់ព្រៃកន្ទ្រានយកដីធ្វើជាកម្មសិទ្ធិជាដើម ។

លោក គង់ ធារដ្ឋ បានបន្តថា រាល់សកម្មភាពចុះល្បាតម្តងៗ មន្ត្រីសហគមន៍ និងនគរបាកប៉ុស្តិ តែងដកហូតបាននូវវត្ថុតាង ហើយបាននាំយកទៅរក្សាទុក និងបានកំណត់អត្តសញ្ញាណជនសង្ស័យដែលរត់គេចខ្លួន និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ហើយប្រជាពលរដ្ឋមួយចំនួន ដែលអាស្រ័យផលដាំដំណាំក្នុងព្រៃសហគមន៍  ឱ្យបញ្ឈប់ និងប្រគល់ដីជូនសហគមន៍វិញ ផងដែរ  ។

លោកបន្តថា កិច្ចការងារនេះ គណៈកម្មការសហគមន៍ព្រៃឈើ នឹងប្រជុំផ្សព្វផ្សាយចុះដាក់ស្លាក ស្តីពីទោសទណ្ឌនៃការកាប់រាន ឈូសឆាយព្រៃយកដីធ្វើជាកកម្មសិទ្ធិ ក្នុងព្រៃសហគមន៍បន្ថែម ដើម្បីឱ្យប្រជាពលរដ្ឋមានការភ្ញាក់រឮក ហើយងាកមកចូលរួមស្រឡាញ់ធនធានធម្មជាតិទាំងអស់គ្នា៕ដោយ៖ឡុង សំបូរ