មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន ៧គ្រួសារ និងបច្ច័យចូលរួមបុណ្យសពម្តាយយោធិនមួយរូប ដែលទើបទទួលមរណភាពដោយរោគាពាធ

0

ខេត្តព្រះវិហារ៖ គ្រួសារសពអតីតយុទ្ធជន ៧គ្រួសារ ទទួលបានថវិកាបេឡាមរណសង្គ្រោះ ២៨លានរៀល និងគ្រួសារសពម្តាយបង្កើត មេបញ្ជាការផ្នែកសឹករងក្រុងព្រះវិហារ ទទួលបានបច្ច័យ ៣លាន ៦សែនរៀល រួមទាំងលិខិតចូលរួមរំលែកមរណទុក្ខ ​ពីលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងដំណើរនាំយកថវិកាបេឡាមរណសង្គ្រោះ ២៨លានរៀល និងបច្ច័យបុណ្យសព ៣លាន ៦សែនរៀល ជូនដល់គ្រួសារសព នៃអតីតយុទ្ធជន ៧គ្រួសារ និងសពម្តាយបង្កើតយោធិន ១រូប នាគ្រានោះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្ត ក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ មេបញ្ជាការរង នាយសេនាធិការតំបន់សឹក ផ្នែកសឹករងក្រុង ស្រុក រួមទាំងអាជ្ញាធរនៅក្នុងមូលដ្ឋាន ផងដែរ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ មានប្រសាសន៍ថា គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តទាំង ៧គ្រួសារ ដែលទទួលបានថវិកាបេឡាមរណសង្គ្រោះ ដែលមានទឹកប្រាក់សរុប ២៨លានរៀល ដោយក្នុង ១គ្រួសារៗ ទទួលបាន ៤លានរៀល ក្នុងនោះ រួមមាន៖ ១- ឈ្មោះ ពៅ ចាន់ឆើត ភេទប្រុស អាយុ ៥៨ឆ្នាំ មុខសញ្ញាពិការ មរណភាព ថ្ងៃទី២៦វិច្ឆិកា២០២៣ នៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ,២-ឈ្មោះ ប៊ុន ជួន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខសញ្ញានិវត្តជន មរណភាព នៅថ្ងៃទី១៨ធ្នូ២០២៣ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ ,៣-ឈ្មោះ ដួង ប៉ាក់ ភេទប្រុស អាយុ ៨៣ឆ្នាំ មុខសញ្ញានិវត្តជន មរណភាពនៅថ្ងៃទី៣០ធ្នូ២០២៣ នៅភូមិស្រយ៉ង់ថ្មី សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ,៤-ឈ្មោះ ឯក យុន ភេទស្រី អាយុ ៩៤ឆ្នាំ មុខសញ្ញាពលី បានទទួលមរណភាព ថ្ងៃទី០៥មីនា២០២៤ នៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ,៥-ឈ្មោះ អ៊ិន ស៊ន់ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខសញ្ញានិវត្តជន មរណភាព នៅថ្ងៃទី២៦មីនា២០២៤ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ ,៦-ឈ្មោះ គង់ សារ៉ាង ភេទប្រុស អាយុ ៦២ឆ្នាំ មុខសញ្ញាពិការ មរណភាព នៅថ្ងៃទី០៨ធ្នូ២០២៣ នៅភូមិអូរត្រលោក ឃុំរមទម ស្រុករវៀង និង ៧-ឈ្មោះ គង់ យ៉ាត ភេទប្រុស អាយុ ៧៤ឆ្នាំ មុខសញ្ញានិវត្តជន បានទទួលមរណភាព ថ្ងៃទី២៦កុម្ភៈ២០២៤ នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។

ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ និងក្រុមការងារ បានបន្តនាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចុះជួបសួរសុខទុក្ខយោធិន និងអតីតយុទ្ធជន ២រូបទៀត ដែលកំពុងសម្រាកព្យាបាលជំងឺនៅឯលំនៅដ្ឋាន ថែមទៀតផង។

នៅរសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបន្តដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ នាំយកបច្ច័យ ៣លាន ៦សែនៀល ទៅចូលរួមបុណ្យសពឧបាសិកា អៅ ឡាន ត្រូវជាម្ដាយបង្កើត លោកវរសេនីយ៍ទោ ឆាយ ផល្លា មេបញ្ជាការផ្នែកសឹករងក្រុងព្រះវិហារ ដែលបានទទួលមរណភាពនៅថ្ងៃទី ១៩ធ្នូ២០២៤ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយរោគាពាធ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ការចូលរួមរំលែកមរណទុក្ខ និងចូលរួមសម្តែង នូវការសោកស្តាយជាពន់ពេក ពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ជាតិ ថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ក្នុងទឹកមុខដ៏ក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារ នៃសពទាំង ៨គ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់  និងសូមឲ្យដួងវិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ឡុង សំបូរ