ខេត្តកំពត: អភិបាលខេត្តកំពតបានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែដាក់ចុះនូវគោលនយោបាយ និងកិច្ចចង្អុលការដល់ខេត្តដែលមានសក្តានុពលទេសចរណ៍ ឲ្យខិតខំអភិវឌ្ឍន៍កែច្នៃដើម្បីទាញទេសចរ ជំរុញកំណើនសេដ្ឋកិច្ចជូនពលរដ្ឋក្នុងតំបន់។ ហើយឯកឧត្តមសន្យាថានឹងជួយរៀបចំកែលម្អសហគមន៍ទេសចរណ៍នានា ឲ្យកាន់តែទាក់ទាញជាងមុន។
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ក្នុងដំណើរចុះពិនិត្យស្ថានភាពការរស់នៅរបស់បងប្អូនប្រជានេសាទ ក៏ដូចជាពិនិត្យទីតាំងសម្រាប់កែលម្អសោភ័ណភាពនៅសហគមន៍នេសាទចំនួន២ក្នុងក្រុងបូកគោ គឺសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមកិច្ចចង្អុលការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងជំរុញដល់អាជ្ញាធរខេត្តដែលមានសក្តានុពលទេសចរណ៍ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍ កែច្នៃ តំបន់ទាំងនោះ ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីស្រូបទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្ត ពិសេសទាញយកចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។
ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តនឹងជួយកែលម្អសោភ័ណភាព សហគមន៍ទេសចរណ៍នានាឲ្យមានភាពទាក់ទាញ ដើម្បីបំរើប្រយោជន៍ជូនពលរដ្ឋ បានយូរអង្វែង។ ជាជំហានដំបូង ឯកឧត្តមនឹងជួយកែលម្អសហគមន៍ព្រែកត្នោត និងត្រពាំងរពៅមុនគេ ខណៈដែលសហគមន៍ត្រពាំងសង្កែបានរៀបចំ ចំណតរថយន្តថ្មី ដែលឧបត្ថម្ភដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី។
ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ៅ ធនិន ក៏បានបញ្ជាក់ដែរថា នឹងរៀបចំទីតាំងសម្រាប់សាងសង់លំនៅឋានថ្មី ជូនប្រជានេសាទចំនួន ១៣គ្រួសារ ដែលរស់នៅលើខ្នងប្រឡាយផ្ចូវទឹកទៅកាន់សហគមន៍ត្រពាំងរពៅ ហើយយកប្រឡាយនោះធ្វើជាកន្លែងសម្រាប់ទេសចរ ជិះទូកលេងកម្សាន្ត និងធ្វើដំណើរចូលមកសហគមន៍តាមផ្លូវទឹក ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជានេសាទ អាជីវករ ត្រូវរួមសហការគ្នា ថែរក្សាអនាម័យបរិស្ថាន ចេះស្រឡាញ់គ្នា ពិសេសរួមគ្នាអភិរក្ស ថែរក្សាធនធានធម្មជាតិឱ្យបានល្អប្រសើរ៕ សេង ណារិទ្ធ