ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកប្រាសាទបល្ល័ង្ក ធ្វើវេទិកាសាធារណៈជាមួយពលរដ្ឋ ដើម្បីត្រួតពិនិត្យគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

0

កំពង់ធំ៖ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងឯកឧត្ដម ហ៊ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានដឹកនាំវេទិកាសាធារណៈនៅឃុំ សាលាវិស័យ ឃុំទួលគ្រើល និងឃុំសាគ្រាម ស្រុកស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

កម្មវិធីនេះដោយមានការចូលរួមពីក្រុមការងារចុះមូលដ្ឋានឃុំ ក្រុមប្រឹក្សាស្រុក និងប្រធាន-អនុប្រធានការិយាល័យស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកទាំងអស់ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ កងកម្លាំងទាំង៣របស់ស្រុក និងប្រជាពលរដ្ឋក្នុងសរុបចំនួនជាង៧៥០នាក់។

វេទិកាសាធារណៈនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្វែងយល់អំពីជីវភាពរស់នៅ និងផ្តល់ឱកាសជូនដល់ពុកម៉ែបងប្អូន លើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា ព្រមទំាងកំណត់វិធានការដោះស្រាយឆ្លើយតបនូវតម្រូវការប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានជម្រាបជូនអង្គវេទិកាជ្រាបថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាយន្ដការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការចុះជួយតម្រង់ទិស គាំទ្រ លើកកម្ពស់ កែលម្អ និងជំរុញការផ្សាភ្ជាប់រវាង ការអនុវត្ដយុទ្ធសាស្រ្ដ និងផែនការអភិវឌ្ឍន៍របស់ថ្នាក់ក្រោមជាតិតាមភូមិ ឃុំ និងស្រុក ទៅនឹងរបៀបវារៈនៃការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្រ្ដថ្នាក់ជាតិ ដើម្បីបន្ដលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ ការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ការបន្ដពង្រីកហេដ្ឋារចនាសម្ព័ន្ធគន្លឹះ និងការធានាឱ្យបានសណ្ដាប់ធ្នាប់ សុខសន្ដិភាព និងសុវត្ថិភាព ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលបានកើតឡើងនៅមូលដ្ឋានផ្ទាល់។

ឯកឧត្ដម ហ៊ីវ បញ្ញាវុឌ្ឍ បានលើកឡើងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាកង្វល់របស់រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ។ ជាក់ស្តែងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញឱ្យអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់នូវអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងដាក់ចេញនូវវិធានការគន្លឹះទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សំដៅធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យបានកាន់តែល្អប្រសើរ។

ក្នុងអង្គវេទិកាសាធារណៈខាងលើនេះ ក៏មានប្រជាពលរដ្ឋបានលើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍក្នុងមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីក៏បានណែនាំក្រុមការងារចុះពង្រឹងចុះជួយតាមមូលដ្ឋាននិងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹងការផ្តល់នូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ តាមរយៈការពន្លឿន និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋ ឱ្យបានខ្ជាប់ខ្ជួន និងបន្តស្តាប់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបន្តខិតខំពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានា របស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស្រ័យទាក់ទងតាមសហគមន៍មូលដ្ឋាន និងការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋានឲ្យបានញឹកញាប់ និងនៅគ្រប់មូលដ្ឋាន ដោយត្រូវបន្តខិតខំលុបបំបាត់នូវអំពើអសកម្ម និងចំណុចខ្វះខាតនានា ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវបន្តខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើមសំដៅបង្កើនទំនុកចិត្ត ភាពជឿជាក់ និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំ ក៏ដូចជាមានការជឿជាក់មកលើរាជរដ្ឋាភិបាលផងដែរ៕