ពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានការស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា

0

ខេត្តកំពង់ធំ ៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមឧត្តមសេនីយ៍ កែម សារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធាន ក្រុមការងារទី៥ និង ឯកឧត្តម អ៊ុន បុត្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅសាលាខេត្តកំពង់ធំ។

ពិធីនេះប្រព្រឹត្តទៅដោយមានសមាសភាព ឯកឧត្តម ឧត្តមសេនីយ៍ សៀ ម៉ាប់ អគ្គនាយករងអន្តោប្រវេសន៍ ប្រធានក្រុមការងារខេត្តកំពង់ធំ, ឯកឧត្តមប្រធានសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាព អភិបាលក្រុងស្រុក មន្ត្រីប៉ុស្តិ៍ មេឃុំ  សមាជិក សមាជិកានៃអង្គជុំវិញខេត្ត ចូលរួមសរុប២៤០នាក់ ស្រី៤១នាក់។

ឯកឧត្ដម អ៊ុន បុត្ត បានឱ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដោយទទួលបានផែនការអនុវត្តដែល បានដាក់ចេញដោយក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់អនុវត្តជំហានដំបូង ក្នុងការចូល រួមទប់ស្កាត់ការអន្តោប្រវេសន៍ខុសច្បាប់របស់ជនបរទេស និងងាយស្រួលក្នុងការតាមដានអំពីអត្តសញ្ញាណ របស់ជនបរទេស ពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗ។

ឯកឧត្តម បន្តទៀតថា ចាប់តាំងពីខែកក្កដា រហូតមកដល់ខែធ្នូ ឆ្នាំ២០២៤ នេះ គណៈបញ្ជាការដឹកនាំរួម ដែលមាន ឯកឧត្តមអភិបាលខេត្ត ជាប្រធាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធជាសមាជិក ព្រមទាំងបានបង្កើតក្រុមការងារប្រតិបត្តិការត្រួតពិនិត្យជនបរទេស បានយកចិត្តទុកដាក់អនុវត្តលើការត្រួតពិនិត្យពលករបរទេស តាមសហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន សិក្សា អង្គការ និងសាសនា បានចំនួន ៦៣ទីតាំង ដែលមានជនបរទេសសរុប ៧៩៦នាក់ ស្រី ១២៧ នាក់ ដែលជនបរទេសទាំងអស់ មកពីបណ្តាប្រទេសផ្សេងៗគ្នា និងបានធ្វើបច្ចុប្បន្នភាពត្រួតពិនិត្យ ផ្ទៀង ផ្ទាត់បញ្ជីស្ថិតិជនបរទេសអន្តោប្រវេសន៍ បានគ្រប់គ្រងគណនី FPCS សម្រាប់នគរបាល និងសម្រាប់ លំនៅដ្ឋាន ក្នុងនោះដែលមានជនបរទេសបានរាយការណ៍ចូលក្នុងប្រព័ន្ធគិតចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ១.០៨២នាក់ ស្រី ៤១៤នាក់ ស្មើនឹង ១០សញ្ជាតិ ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧត្តមសេនីយ៍ កែម សារិន បានប្រកាសពីសមាសភាពក្រុមការងារ និងបានលើកទ្បើងអំពីគោលបំណងក្នុងការអនុវត្តផែនការ ០០៣ផក ស្តីពីវត្តមានជនបរទេសស្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយបានដាក់ទិសដៅអោយសមត្ថកិច្ចផ្សព្វផ្សាយដល់ម្ចាស់ទីតាំង ម្ចាស់អាជីវកម្មទាំងអស់ដែលស្ថិតក្នុងខេត្តកំពង់ធំ យល់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចុះវត្តមានជនបរទេស ការបង្កើតគណនី (FPCS) សម្រាប់ចុះវត្តមានជនបរទេសឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ដោយមន្ត្រីមូលដ្ឋាន។

ចំពោះម្ចាស់ទីតាំងនានា តម្រូវឲ្យភ្ញៀវដែលជាជនបរទេសត្រូវមានលិខិតឆ្លងដែនច្បាប់ដើមដើម្បីបញ្ជូលក្នុងប្រព័ន្ធ (FPCS) និងបានដាក់ទិសដៅសម្រាប់ក្រុមការងារ ដើម្បីអនុវត្តនាពេលខាងមុខ ព្រមទាំងធ្វើបទបង្ហាញអំពីប្រព័ន្ធ (FPCS) និងបទបង្ហាញអំពីការពិនិត្យលិខិតឆ្លងដែន ទិដ្ឋាការ (VISA )ជនបរទេសរបស់មន្ត្រីជំនាញអន្តោប្រវេសន៍ និងបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីប៉ុស្តិ៍ មេឃុំ អធិការស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ផងដែល ដើម្បីធានាក្នុងការគ្រប់គ្រងការចេញ ចូល ស្នាក់នៅ ក្នុងការទប់ស្កាត់មិនឲ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់​ជនបរទេសរស់នៅខេត្តកំពង់ធំ ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ និងការគ្រប់គ្រងដោយម៉ត់ចត់ការស្នាក់នៅបណ្តោះអាសន្នជនបរទេស មិនមែនអន្តោប្រវេសន្ត៕អត្ថបទ: រិទ្ធី-ពិនិត្យដោយអ៊ុមញឹប