អភិបាលខេត្ត៖ កំពតជាខេត្តមានសក្តានុពលដែលរង់ចាំស្វាគមន៍អ្នកវិនិយោគគ្រប់ទិសទីដើម្បីបង្កើតការងារជូនពលរដ្ឋ

0

ខេត្តកំពត: អភិបាលខេត្តកំពតលើកឡើងថា ខេត្តកំពតគឺជាខេត្តមួយដែលពោពេញទៅដោយសក្តានុពលស្ទើគ្រប់ផ្នែកទាំងអស់ ទាំងវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម រ៉ែ និងអំណោយផលសម្រាប់ការបង្កើតរោងចក្រផ្សេងៗផងដែរ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពតរង់ចាំជានិច្ចសម្រាប់ការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗជានិច្ច ដើម្បីបង្កើតការងារជូនពលរដ្ឋ។

ថ្លែងក្នុងជំនួបពិភាក្សាការងារលើការវិនិយោគជាមួយ ក្រុមហ៊ុន ទីឆាវ ថេកស្លាយ (ខេមបូឌា) ខូអិលធីឌី ដែលជាក្រុមហ៊ុនវិនិយោគផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតក្រណាត់ មកពីប្រទេសចិន នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា កំពតគឺជាខេត្តមួយដែលមានសក្តានុពលស្ទើគ្រប់វិស័យសម្រាប់ការវិនិយោគ មានដូចជា វិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម រ៉ែ ពិសេសខេត្តកំពតមានទាំងកំពង់ផែ ផ្លូវដែក ផ្លូវគោក ហើយខេត្តកំពតគឺជាខេត្តមួយដែលព្រែកជីកហ្វូណនតេជោឆ្លងកាត់ស្រុកចំនួន៣ ដើម្បីភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកផងដែរ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមអាជ្ញាធរខេត្តគឺរង់ចាំជានិច្ចចំពោះដៃគូវិនិយោគទាំងអស់ដែលមានបំណងចង់មកវិនិយោគក្នុងទឹកដីនៃខេត្តកំពត ព្រោះការវិនិយោគ បង្កើតរោងចក្រផ្សេងៗនិងជួយបង្កើតការងារជូនដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រពិសេសកាត់បន្ថយការធ្វើចំណាកស្រុករបស់ពលរដ្ឋទៅរកការងារធ្វើនៅក្រៅប្រទេស។

ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចតែងតែគិតគូជានិច្ចចំពោះកិច្ចការអភិវឌ្ឍ និងទំនើបកម្ម ហើយសម្តេចបានដាក់ចុះនូវកិច្ចចង្អុលការ និងដាក់ទិសដៅមកកាន់អាជ្ញាធរដោយធ្វើយ៉ាងណាឈោងចាប់ ក៏ដូចជាសហការជាមួយអ្នកវិនិយោគក្រៅប្រទេស ដើម្បីបង្កើតការងារឱ្យបានច្រើនសម្រាប់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក Yuming Pan (យ៉ុមមីង ផាន់) ប្រធានក្រុមហ៊ុន ទីឆាវ ថេកស្លាយ (ខេមបូឌា) ខូអិលធីឌី បានសំដែងសេចក្តីត្រេកអរ និងមានការកោតសរសើរវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគ។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា ការដែលលោកសំឡឹងមើលឃើញឱកាសសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសខេត្តកំពត ដោយសារតែខេត្តកំពតគឺជាខេត្តដែលមានសក្តានុពលច្រើន និងសមស្របសម្រាប់ក្រុមហ៊ុនរបស់លោកមកធ្វើការវិនិយោគ ហើយការវិនិយោគនេះទៀតសោត ដំណាក់កាលទី១ ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រកាត់ដេរ និងដំណាក់កាលទី២ ក្រុមហ៊ុននិងបង្កើតរោងចក្រផលិតក្រណាត់ ដែលអាចនឹងត្រូវការកម្លាំងពលកម្មប្រមាណជាង ២ម៉ឺន ៥ពាន់នាក់៕ សេង ណារិទ្ធ