ខេត្តកំពត: នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព” និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ដែលកម្មវិធីរៀបចំធ្វើឡើងនៅសាលាស្រុកកំពង់ត្រាច។
ក្នុងឱកាសនោះ លោកស្រីវេជ្ជ.យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានមានមតិសំណេះសំណាលដោយបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមអបអរ និងកោតសរសើរចំពោះបងប្អូនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា តែងតែបានចូលរួមយ៉ាងសកម្ម ក្នុងសេវាកម្មមនុស្សធម៌ ដោយស្មារតីស្ម័គ្រចិត្ត និងទទួលខុសត្រូវ ក្នុងស្ថានភាពដែលបានជួបប្រទះផ្ទាល់ តាមរយៈការផ្តល់សេវាសង្គ្រោះបឋមដល់ជនរងគ្រោះ ការអប់រំសុខភាពអនាម័យ និងការងារដែលមានប្រយោជន៍ដល់សហគមន៍ និងសាលារៀនជាដើម ។
លោកស្រីបានបន្តថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។
ការប្រារព្ធពិធីនេះក្នុងគោលបំណងលើកទឹកចិត្ត ជំរុញការលើកកម្ពស់សកម្មភាពមនុស្សធម៌ ចំពោះបងប្អូនអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជាយើង ដែលខិតខំបំពេញការងាររយៈពេល១ឆ្នាំមកនេះ ដូចទិសស្លោកដែលលើកឡើងថា ”អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាឆ្អឹងខ្នងរបស់សមាគមជាតិ” និង ”យុវជនកាកបាទក្រហមកម្ពុជា ជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទជាវិជ្ជមានក្នុងសង្គម”។
លោកស្រីបានលើកទឹកចិត្តយុវជនឱ្យខិតខំបំពេញការងារ ដោយផ្ដោតលើគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហមបាទបង្ហាញទឹកចិត្តសប្បាយរីករាយក្នុងការចូលរួមផ្តល់សេវាកម្មមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។
ដើម្បីជាការលើកទឹកចិត្ត សាខាបានផ្ដល់ជូននូវប័ណ្ណសរសើរ ដល់អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១៣៥នាក់ ៖ ក្នុងម្នាក់ៗទទួលបានប័ណ្ណសរសើរ១ និងអមដោយថវិកា៤ម៉ឺនរៀល ។
ហើយសាខាបានផ្តល់អំណោយដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, និងថវិកា៤ម៉ឺនរៀលផងដែរ៕ សេង ណារិទ្ធ