អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពង្រឹងសកម្មភាពប្រតិបត្តិការត្រីកោណមាស ១៥១១ ក្នុងភូមិសាស្ត្រខេត្ត

0

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ គណៈប្រតិភូអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជួបប្រជុំ ពិភាក្សាជាមួយ លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងការអនុវត្តសកម្មភាពប្រតិបត្តិការត្រីកោណមាស ១៥១១ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ព្រមទាំងចុះពិនិត្យដោយផ្ទាល់ នូវស្ថានភាពភូមិសាស្ត្រផ្លូវទឹក និងផ្លូវគោក នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដែលឧក្រឹដ្ឋជនតែងតែលួចលាក់នាំចូល ដោយខុសច្បាប់នូវសារធាតុញៀន។
អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ បានថ្លែងថា ការជួបប្រជុំគ្នានាពេលនេះ ជាការពង្រឹងបន្ថែមទៀត នូវការអនុវត្តសកម្មភាពការងារប្រតិបត្តិការត្រីកោណមាស ១៥១១ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយកន្លងមកប្រតិបត្តិការនេះ យើងអនុវត្តបានច្រើនលើកមកហើយ សំដៅទប់ស្កាត់ការចរាចរណ៍គ្រឿងញៀន ឆ្លងកាត់ពីតំបន់ត្រីកោណមាស ចូលមកប្រទេសទាំង៦ តាមបណ្តោយដងទន្លេមេគង្គ មានប្រទេសមីយ៉ានម៉ា ចិន ឡាវ ថៃ វៀតណាម និងប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ បានថ្លែង ចាត់ទុកការងារប្រតិបត្តិការត្រីកោណមា ១៥១១ នេះ ក៏ជាផ្នែកមួយនៃគម្រោងសុវត្តិភាពទន្លេមេគង្គ SMGC មានការគាំទ្រពីគម្រោង LOA របស់ព្រះរាជាណាចក្រថៃ ទាំងសម្ភារៈនិងបច្ចេកទេស។ ទន្ទឹមនេះ លោកឧត្តមសេនីយ៍ បានជំរុញឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចុះអនុវត្តការងារ ដោយចុះល្បាតឲ្យបាន ៤ដង ក្នុង១ខែ ដើម្បីទប់ស្កាត់ការចរាចណ៍គ្រឿងញៀនខុសច្បាប់។
អភិបាលរងខេត្ត និងប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង លោក ធូ ចាន់ពៅ បានថ្លែងថា ស្ថានភាពភូមិសាស្ត្រខេត្តស្ទឹងត្រែង ជាពិសេសនៅតាមបណ្តាយព្រំដែនកម្ពុជា-ឡាវ មានសភាពស្មុគស្មាញ ទាំងខាងផ្លូវទឹក និងផ្លូវគោក ដែលអំណោយផលដល់ឧក្រិដ្ឋជន ងាយស្រួលក្នុងការធ្វើសកម្មភាពចរាចរណ៍ នូវសារធាតុញៀនខុសច្បាប់ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្ត រួមទាំងកម្លាំងមានសមត្ថកិច្ច នៅតែអាចបង្ក្រាបបានជាបន្តបន្ទាប់ ។
លោក ធូ ចាន់ពៅ បានស្នើអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចគម្រោងLOA ជួយបណ្តុះបណ្តាលបន្ថែម ជូនមន្ត្រីពាក់ព័ន្ធឲ្យមានការយល់ដឹងពីនិតិវិធីនានា ក្នុងការបង្រ្កាបបទល្មើសសគ្រឿងញៀន និងមេត្តាជួយជាសម្ភារៈបច្ចេកទេសនានា ដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីឲ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។
ក្រោយបញ្ជប់កិច្ចប្រជុំ គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកពាក់ព័ន្ធក្នុងខេត្ត បានចុះត្រួតពិនិត្យសកម្មភាពចល័ត ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបការចរាចរជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ឆ្លងកាត់ព្រំដែន (ផ្លូវទឹក និង ផ្លូវគោក) ចំនួន ៩គោលដៅ រួមមាន៖ ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ,ដើមល្វាទី៣, ស្ពានទី២ ទី៤ ,ប៉ុស្តិ៍នគរបាលការពារព្រំដែនអូរស្វាយ, កោះល្ង ,កោះបន្ទាយ ,កោះឈើទាលធំ ,ចំណុចបង្គោលលេខ៣១ ដល់បង្គោលលេខ៣៤ និងច្រកតូចៗ និងចំណុចត្រួតពិនិត្យផ្លូវបំបែកចូលស្រុកបុរិអូរស្វាយសែនជ័យ៕