រដ្ឋបាលខេត្តបានរៀបព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ ប្រចាំឆ្នាំ២០២៤

0

សៀមរាប: ព្រឹត្តិការណ៍ បុណ្យបង្ហើរខ្លែង ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ លើកតម្កើន មរតកវប្បធម៌ជាតិ ដើមី្បជម្រុញវិស័យទេសចរណ៍ វប្បធម៌ ស្របតាមយុទ្ធនាការ (ទស្សនាសៀមរាប ឆ្នាំ២០២៤) និងទាក់ទាញអ្នកទេសចរណ៍ឲ្យមកកម្សាន្តនៅក្នុងខេត្តសៀមរាបផង។
ថ្លែងក្នុងពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នារសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានលើកឡើងថា ការបង្ហើរខ្លែង បានកើតមានឡើងនៅក្នុងប្រពៃណីរបស់ខ្មែរ រាប់ពាន់ឆ្នាំមកហើយ ។ លោកបន្តថា ប៉ុន្តែមួយរយៈកាលកន្លងមកនេះ ខ្លែងខ្មែរ ជាពិសេសខ្លែងឯកនេះ ស្ទើរតែបាត់បង់ដោយសារតែពលរដ្ឋយើងមួយចំនួនមានជំនឿថា ខ្លែង ជាវត្ថុអពមង្គល ។ ដែើតាមការពិតខ្លែងនេះដូនតាខ្មែរបង្កើតមកជាវត្ថុតំណាងឲ្យសុភមង្គល។ លោក មួង សុភាព បន្តថា ដោយសារតែជំនឿរមិនសមហេតុផលនេះ ទើបថ្នាក់ដឹកនាំ ស្ថាប័នជាតិបានគិតគូរ និង យកចិត្តទុកដាក់រៀបចំឲ្យមានព្រឹត្តិការណ៍នានាដែលទាក់ទងនឹងខ្លែងនេះ ក្នុងនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានបំណងយកខ្លែងឯករបស់ខ្មែរនេះ ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ ។ លោកបញ្ជាក់ថា ដោយសារហេតុនេះទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខិតខំបំផុសចលនាបង្ហើរខ្លែងនេះ ព្រោះការចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ យើងអាចអភិរក្ស និង ផ្សព្វផ្សាយអំពីខ្លែងយើងបានទូលំទូលាយ។ លោក មួន សុភាព បញ្ជាក់ថា ការបង្ហោះខ្លែងនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំសម្រាប់ខេត្តសៀមរាប ហើយការបង្ហើរខ្លែងនេះ ខ្មែរយើងនិយមបង្ហើរនៅរដូវរំហើយ ។
ថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរីនេះលោក លី សារី បានលើកឡើងថា ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាសឲ្យប្រជាពលរដ្ឋ សាធារណជន ទស្សនាប្រកបដោយសេចក្ដីសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់ក្រោយឲ្យបានស្គាល់ យល់ដឹង និង ចូលរួមប្រតិបត្តិ ថែរក្សាការពារ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវ ជ្រាវ ចងក្រងរក្សាទុកនូវឯកសារបេតិកភណ្ឌវប្បធម៌នេះ ឲ្យបានស្ថិតស្ថេរគង់វង្ស ។ លោក លី សារី បន្តថា ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី នាឱកាសនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើង ស្របតាមយុទ្ធនាការ (ទស្សនាសៀមរាប ឆ្នាំ២០២៤)ផងដែរ ។ ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២៥ ខាងមុខ ដើម្បីបន្តរក្សាកំណើន និង ទាក់ទាញភ្ញៀវទេសចរ និងថែរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ជាតិយើង ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោកបានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាបន្តគាំទ្រឲ្យបានផុលផុស ដើម្បីបន្តការរៀបចំនូវកម្មវិធី និងព្រឹត្តិការណ៍នានា ក្នុងខេត្តសៀមរាបយើងនៅឆ្នាំបន្តបន្ទាប់ទៀត ។
សូមជម្រាបថា ព្រឹត្តិការណ៍បង្ហើរខ្លែងនេះ មានខ្លែងឯក ខ្លែងសេរី និងខ្លែងតូចៗ សរុបចំនួនប្រមាណ ៥០០ខ្លែង ហើយព្រឹត្តិការណ៍នេះមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤ ក៏មានបងប្អូនអ្នកស្រឡាញ់និងលេងខ្លែងមកពីបណ្ដាខេត្តផ្សេងៗ និងបានចូលរួមផងដែរ ៕