កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ឱ្យកាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ឆ្នាំ២០២៤ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិទាំងអស់ ត្រូវយកចិត្តទុកដាក់ បំពេញការងារកម្មមនុស្សធម៌ឱ្យកាន់តែប្រសើរ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត ការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ ការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ ចំណូល ចំណាយ ការទូទាត់ ឱ្យមានតម្លាភាព និងគណនេយ្យភាពផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការឱ្យគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើឱ្យវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១២ខែ ឆ្នូ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា មានដំណើរការល្អប្រសើរ ដែលបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា – ការថែទាំសុខភាពសហគមន៍- ការអប់រំផ្សព្វផ្សាយ ស្តីពីការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន – ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក -ការកសាងភាពធន់សហគមន៍ – ការអភិវឌ្ឍន៍ស្ថាប័ន – ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា “ ៕