ក្រុមយុវជនប្រមាណ ៣ពាន់នាក់ចូលរួមបោះជំរុំ ដើម្បីអបអរសាទរទិវាសន្តិភាពលើកទី២៦ នៅស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះលើភ្នំ២០០ ក្នុងខេត្តឧត្តរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ ក្រុមយុវជនមិនតិចជាង ៣ពាន់នាក់នោះទេ បានចូលរួមក្នុងការបោះជំរុំ ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជាលើកទី២៦ នៅស្តូបអនុស្សាវរីយ៍ ឈ្នះឈ្នះ នៅលើទីតាំងភ្នំ២០០ ។ ពិធីបោះជំរុំនោះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ នាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ នៅទីតាំងភ្នំ២០០ គឺជាកន្លែងមូលដ្ឋានកែច្នៃគ្រាប់កាំភ្លើងមួយ របស់អតីតយោធាខ្មែរក្រហមចុងក្រោយបំផុត ក្នុងចំណោមទីតាំង ១៤កន្លែង ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់តំបន់ទាំងនោះ ប្រែក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ នៅព្រំដែន កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១០កន្លងមក ដល់ក្រសួងទេសចរណ៍ មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ធ្វើការអភិរក្ស និងការអភិវឌ្ឍន៍សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ ឲ្យកាន់តែមានការអភិវឌ្ឃរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា គោលបំណងធ្វើការអភិរក្សនៅទីតាំងសំខាន់ៗ ដែលជាមជ្ឈមណ្ឌលនយោបាយចុងក្រោយបង្អស់ របស់អតីតអង្គការចាត់តាំងនយោបាយ និងយោធានៃកម្ពុជាប្រជាធិបតេយ្យ ដើម្បីឱ្យសាធារណជនជាតិ និងអន្តរជាតិ បានយល់ដឹង និងចងចាំអំពីនយោបាយ មេដឹកនាំរបស់បនប្រល័យពូជសាសន៍ ផងដែរ។

ការកំណត់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តទាំងនោះ បែងចែកជា ២តំបន់ គឺ តំបន់លើភ្នំ(តំបន់ក) និងតំបន់ជើងភ្នំ(តំបន់ខ)។ក្នុងនោះតំបន់(ក)ក៏មានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតូចៗចំនួន ៦ទីតាំង និងតំបន់(ខ)ជាតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រលើខ្ពង់រាប និងជើងភ្នំដងរ៉ែក ដែលមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតូចៗចំនួន ៨កន្លែងទៀត ផងដែរ ។

កក្តាទាំងអស់នេះហើយ បានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់បន្ថែមទៀត ពីកក្តាសុខសន្តិភាពពេញលេញ ទើបយើងអាចមានឱកាសក្នុងការរៀបចំ នូវកម្មពិធីផ្សេងៗ ប្រកបដោយភាពរលូន ដូច្នេះយើងត្រូវរក្សាសុខសន្តិភាព ដែលបានដ៏លំបាកមួយនេះ ឲ្យនៅស្ថិតស្ថេរគង់វង្សជារៀងរហូត៕ដោយ៖ឡុង សំបូរ