ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងបច្ច័យ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ និងលោកយាយលោកតា នៅអាស្រមអរិយៈសមាធិ កូនត្នោត

0

ខេត្តកំពង់ធំ៖ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគេនព្រះសង្ឃ និងឧបត្ថម្ភជូនលោកយាយលោកតា ដែលគង់ និងស្នាក់អាស្រ័យនៅក្នុងអាស្រមអរិយៈសមាធិ កូនត្នោត ស្ថិតនៅភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា តាមការស្នើសុំពីប្រជាពលរដ្ឋ និងអាចារ្យគណៈកម្មការគ្រប់គ្រងអាស្រម ដែលទើបបង្កើតថ្មី ដែលមានព្រះសង្ឃគង់នៅចំនួន១៤ព្រះអង្គ និងយាយជីតាជី ស្នាក់អាស្រ័យនៅក្នុងទីអាស្រម ចំនួន៧នាក់ ហើយមានជីវភាពលំបាកខ្វះខាតក្នុងការផ្គត់ផ្គង់ចង្ហាន់ និងអាហារប្រចាំថ្ងៃ។ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បាននាំយកនូវអង្ករចំនួន ១៥០គីឡូក្រាម មីជាតិចំនួន៥កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន៥យូរ ត្រីខកំប៉ុងចំនួន៥យូរ និងបច្ច័យមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មកប្រគេនព្រះសង្ឃ និងប្រគល់ជូនគណៈកម្មការចារ្យ ដើម្បីរៀបចំផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងអាហារប្រចាំថ្ងៃ សម្រាប់យាយជីតាជីនៅក្នុងទីអាស្រមនេះ​ និង​បាន​សំណូម​ពរ​ដល់​ពុទ្ធ​បរិស័ទ​ទាំង​អស់​ ត្រូវ​អប់រំ​កូន​ចៅ​ឲ្យ​ប្រព្រឹត្តិ​នៅ​អំពេីល្អ​ គោរព​ច្បាប់​របស់​រដ្ឋ​ និង​ត្រូវ​ចូលរួម​អនុវត្ត​ន៍​ឲ្យ​បាន​ជោគជ័យ​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​ របស់​រាជរដ្ឋាភិបាល​ ។

លោកតា តន ធីន អាចារ្យគណៈកម្មការគ្រប់គ្រងអាស្រមអរិយសមាធិ កូនត្នោត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាករបស់អតីតយុទ្ធជន ប្រជាជន និងព្រះសង្ឃនៅតាមទីអារាមនានានៅក្នុងខេត្តកំពង់ធំ នឹងបានសូមគោរពជូនពរសម្ដេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ វេហាស៍