ស្ដ្រីម្នាក និងទារកអាយុ ៧ខែ ត្រូវបានជួយសង្គ្រោះពីក្រុមគ្រូពេទ្យ មណ្ឌលសុខភាពកោះកេរ នៃខេត្តព្រះវិហារ !

0

ដោយរ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ ស្ដ្រីម្នាក់បានឈឺពោះសម្រាលកូននៅតាមផ្លូវ ត្រូវបានមន្ត្រីឆ្មប នៃមណ្ឌលសុខភាពកោះកេរ ជួយសង្គ្រោះបានទាន់ពេលវេលា ខណៈស្ដ្រីរូបនេះត្រូវបានក្រុមគ្រួសារកំពុងបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីសម្រាលកូន នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសាស្ដ្រឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ស្ដ្រីសម្រាលកូនខាងលើបានរៀបរាប់ថា ក្នុងថ្ងៃកើតហេតុណ៍ ខ្លួនមិនដឹងថាឈឺពោះសម្រាលកូននោះទេ តែក្រោយពីបត់ជើងតូចក៏ស្រាប់មានអាការៈឈឺពោះចង់សម្រាល ភ្លាមៗនោះក្រុមគ្រួសារក៏បានហៅគោយន្ដ និងរាយការណ៍ទៅក្រុមទ្រទ្រង់សុខភាពភូមិ។

ដោយសារលំនៅដ្ឋាននៅឆ្ងាយពីមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកភូមិក៏បានទំនាក់ទំនងទៅកាន់មណ្ឌលសុខភាពកោះកេរ ដើម្បីសុំកិច្ចអន្ដរាគមន៍ជួយសង្គ្រោះ។

ប្រធានមណ្ឌលសុខភាពកោះកេរ លោកស្រី ពិន ចាន់ថុល បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននោះភ្លាម លោកស្រីក៏បានបញ្ជូនរថយន្ដគិលានសង្គ្រោះ និងជំនាញពេទ្យឆ្មបដើម្បីទៅទទួល លុះពេលកំពុងធ្វើដំណើរ ក៏បានជួបគោយន្ដដែលដឹកស្ដ្រីរូបនោះតាមផ្លូវនៅចំណុចខាងលើ និងបានចុះជួយសង្គ្រោះដល់ម្ដាយ និងទារក បានទាន់ពេលវេលា។

លោកស្រីប្រធានមណ្ឌលបន្តថា  បន្ទាប់មកក៏បានបញ្ជូនស្ដ្រីជាម្ដាយ និងទារកមកកាន់មណ្ឌលសុខភាពកោះកេរ ដើម្បីបន្ដពិនិត្យព្យាបាល។ លោកស្រីថា ដោយទារកមានទំងន់ទាបពេក (ទំងន់ ១គីឡូក្រាម) ហើយមណ្ឌលសុខភាព ក៏នៅគៀកនឹងខេត្តសៀមរាប លោកស្រីក៏សម្រេចចិត្តបញ្ជូនទាំងម្ដាយ និងទារក ទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្ដការតាមដាន និងព្យាបាល តាមរយៈរថយន្ដគិលានសង្គ្រោះរបស់មណ្ឌលសុខភាព។

ស្ដ្រីដែលសម្រាលកូនខាងលើ មានឈ្មោះ ចេន អាន អាយុ ១៨ឆ្នាំ រស់នៅភូមិម្រេច (ហៅម្រេចថ្មី) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ហើយកូនដែលសម្រាលនេះ គឺជាកូនដំបូង ប៉ុន្ដែទើបតែពរពោះបាន ២៨សប្ដាហ៍ប៉ុណ្ណោះ (ស្មើនិង ៧ខែ)។

បច្ចុប្បន្នស្ដ្រីជាម្ដាយ និងទារក បានបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបដោយសុវត្ថិភាពនោះហើយ៕