ខេត្តរតនគិរី៖ ប្រសាសន៍ដាស់តឿន និងជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងពេលលោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តរតនគិរី។
កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពី លោក ញ៉ែម សំអឿន អភិបាលខេត្តរតគិរី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង៩ អធិការក្រុង-ស្រុកទាំ៩ មេឃុំ-ចៅសង្កាត់ទាំង៥០ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានលើកឡើងពីកិច្ចខិតខំប្រឹងប្រឹងរបស់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។
លោកអភិបាលខេត្តរតនគិរី បានណែនាំដល់កងកម្លាំងទាំងបី កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ នៃខេត្តរតនគិរី ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ បក្សពួកនិយមណាមួយឡើយ ដោយត្រូវខិតខំអនុវត្ត និងបម្រើជូនគាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះ គឺជាផ្នែកមួយក្នុងការ ការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជូនពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៉ាវ ហមផាន បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ទន្ទឹមនេះ លោក បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេស ការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
លោករដ្ឋលេខាធិការ បានជំរុញរដ្ឋបាលខេត្តរតនគិរី ត្រូវបន្តពង្រឹងការងារគណៈបញ្ជាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានា ដែលកើតមានតាមក្រុង-ស្រុកក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋ អំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយ ជាពិសេស ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព គុណភាព ការផ្តល់សេវាគ្រប់វិស័យ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះសំណើ សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរទៀត៕ដោយ៖ឡុង សំបូរ