(កំពង់ធំ)÷ ព្រះទេពសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ បានមានសង្ឃដីកា ដូច្នេះនៅក្នុងឱកាសដែលព្រះអង្គបាននិមន្តជាព្រះអធិបតីភាពក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានការអញ្ចើញនិងនិមន្តចូលរួមពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ។
ព្រះអង្គមានសង្ឃដីកាបន្ថែមថា ព្រះគ្រូចៅអធិការ លោកអាចារ្យគណកម្មការ ត្រូវពង្រឹងគុណវុឌ្ឍិព្រះសង្ឃគ្រប់អង្គ ឱ្យសិក្សារៀនសូត្រ ការបដិបត្តិសាសនា ឱ្យបានខ្ជាប់ខ្ជួន ការគ្រប់គ្រងវត្តមាន ការបញ្ជូនព្រះសង្ឃទៅសិក្សារៀនសូត្របន្ត នៅក្រៅវត្ត ការរក្សានូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អរវាង ព្រះសង្ឃ លោកអាចារ្យ គណកម្មការនិង ពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីវឌ្ឍនភាពវត្តអារាមនិងព្រះពុទ្ធសាសនា។
ជាមួយនេះផងដែរ ព្រះអង្គ បានណែនាំដល់ព្រះសង្ឃព្រះគ្រូចៅអធិកាលោកអាចារ្យ គណកម្មការនិង ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវជ្រើសរើស ព្រះគ្រូចៅអធិការវត្ត ត្រូវមាននាយកធម៌៦យ៉ាង ដើម្បីគ្រប់គ្រងដឹកនាំវត្តឱ្យបានរីកចម្រើន និងជាសសរទ្រូងពុទ្ធសាសនាដ៏រឹងមាំបំផុត។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់គ្រប់វត្តអារាម ត្រូវរៀបចំកែលម្អបរិស្ថានវត្តឱ្យក្លាយជាកន្លែងទេសចរណ៍វប្បធម៌សាសនា ប្រកបដោយសោភ័ណភាព មានប្លង់អភិវឌ្ឍ រចនាសម្ព័ន្ធប្លង់មេ ជាវត្តដែលស្រស់បំព្រងដោយធម្មជាតិពណ៌បៃតងនៃសួនច្បារ និងជាថ្នាលអប់រំ ហើយត្រូវពិនិត្យកាយសម្បទានិងបុគ្គលិកលក្ខណៈអ្នកបួសមុននឹងបំបួស បានមកចិត្តជៀសវាងរឿងហេតុមិនប្រក្រតីកើតឡើងឬនាំឱ្យអាប់អោនដល់ព្រះពុទ្ធសាសនា។
លើសពីនេះលោក តាន់ តៃជ្រាន់ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំបានជំរុញនិងលើកទឹកចិត្ត គ្រប់វត្តក្នុងស្រុកស្ទោងត្រូវអនុវត្ត អភិក្រម៣នៃក្រសួងធម្មកានិងសាសនាឱ្យខាងតែបាន និងតម្កល់វត្តអារាមឱ្យបរិស្ថានស្អាត ទីកន្លែងអប់រំ វប្បធម៌ សីលធម៌ ចរិយាធម៌
ស្ងប់ដោយគ្មាន ទំនាស់ ឬអំពើហឹង្សា ផ្សេងៗ ហើយព្រះសង្ឃមិនត្រូវទៅកាន់ទីអគោចរដ្ឋាន ជាពិសេសបញ្ឈប់ការដើរនិងនិមន្តរៃអង្គាសបច្ច័យតាមទីសាធារណៈ ណែនាំឱ្យបាត់បង់សណ្ដាប់ធ្នាប់និងអាប់អោនព្រះពុទ្ធសាសនា ជំរុញឱ្យបានធ្វើចុះបញ្ជីផ្លូវការប្លង់វត្តគ្រប់ៗវត្ត៕