ខេត្តរតនគិរី៖ ការលើកឡើងរបស់ លោក សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា នៅក្នុងពីធីបើក្នុងសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីបរិយាបន្នពិការភាពក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តរតនគិរី។
លោក សន សុផល បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក៏បានកំណត់យ៉ាងច្បាស់ នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិសេស ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចបានជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
អគ្គនាយក សន សុផល បានថ្លែងទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អាទិភាពការងារពិការភាពក្នុងកម្មវិធីការងាររបស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព អតីតយុទ្ធជន អតីតមន្រ្តីរាជការមានពិការភាព បានទទួលរបបឧបត្ថម្ភពីរដ្ឋ ជនមានពិការភាពមានបណ្ណសមធម៌ ឬនៅក្នុងគ្រួសារដែលមានបណ្ណសមធម៌ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋ បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពទិន្នន័យជាមួយកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ និងបានចុះឈ្មោះជាមួយកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧត្ថម្ភក្នុងអំឡុងពេលសិក្សានេះផងដែរ។
អភិបាលរងខេត្តរតនគិរី លោក ខ័ណ្ឌ ចំណាន បានថ្លែង ចាត់ទុកសិក្ខាសាលាថ្នាក់ខេត្តស្តីពីបរិយាបន្នពិការភាពក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នាពេលនេះ គឺពិតជាមានសារៈសំខាន់ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានសុខុមាលភាពជនពិការ បានសហការជាមួយអង្គការ UNICEF និងកម្មវិធី ACCESS II តែងតែគាំទ្រទាំងថវិកា និងបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាព ដល់ជនបង្គោលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធក្នុងការផ្តល់សេវា ជូនជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងបរិយាបន្ន។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា សិក្ខាសាលានេះជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នា ដើម្បីរៀនសូត្រ ពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព ចែករំលែកនូវបទពិសោធន៍ល្អៗបន្ថែមទៀត ឱ្យកាន់តែមានភាពប្រសើរឡើង ក្នុងការបំពេញការងារ ជូនជនមានពិការភាព ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ការកសាងសមត្ថភាពគ្រូបង្គោលឃុំ សង្កាត់ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ៕ ដោយ៖ឡុង សំបូរ