កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានក្រេីនរំលឹកដល់មន្ត្រីសុខាភិបាល ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ គ្រូពេទ្យត្រូវតែគោរពគោលការណ៍ សីលធម៌ មានជាអាទិ៍ភាព សុចរិត ភក្ដីភាពចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ។ ការថ្លែងបែបនេះក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ គ្រូពេទ្យមិនត្រូវបោះបង់អាកប្បកិរិយា សុភាពរាបសារត្រឹមត្រូវ និងយកចិត្តទុកដាក់ជួយទំនុកបម្រុង ចំពោះមនុស្សដែលបានខ្លួនពិនិត្យ ។ ពោលគឺ ត្រូវស្តាប់ ពិនិត្យ ឱ្យដំបូន្មាន ឬព្យាបាលដោយសម្បជញ្ញៈ ចំពោះមនុស្ស ទូទៅស្មើៗគ្នា ដោយមិនប្រកាន់អំពីប្រភព ប្រពៃណី ស្ថានភាពគ្រួសារ ជាតិ សាសនា កេរ្តិ៍ឈ្មោះ ឬមនោសញ្ចេតនាអ្វីឡើយ ។
ឯកឧត្តមអភិបាលខេត្ត បានក្រេីនរំលឹកថា គ្រូពេទ្យមិនត្រូវលះបង់ឥស្សរភាពវិជ្ជាជីវៈរបស់ខ្លួនដាច់ខាត ទោះស្ថិតនៅ ក្រោមរូបភាពណាក៏ដោយ ។ គ្រូពេទ្យត្រូវគោរពសិទ្ធិរបស់អ្នកជំងឺ ក្នុងការជ្រើសរើសដោយសេរីនូវគ្រូពេទ្យរបស់ខ្លួន ហើយយេីងត្រូវជួយសម្រួលដល់ការជ្រើសរើសនេះ ។ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ត្រូវខិតខំជួយសម្រាល ទុក្ខព្រួយ របស់អ្នកជំងឺ ជួយគាំពារផ្លូវចិត្ត និងចៀសវាងនូវគំនិតមានៈ គ្មានហេតុផល ក្នុងការវិភាគស្រាវជ្រាវ ឬការព្យាបាលឡេីយ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែសម្រិតសម្រាំង និងបង្កើនចំណេះដឹងរបស់ខ្លួនជានិច្ច។ គ្រូពេទ្យត្រូវតែចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាលជានិរន្តរ៍ និងត្រូវចូលរួមធ្វើការវាយតម្លៃលើការប្រតិបត្តិវិជ្ជាជីវៈផងដែរ ។
បេីតាមលោកវេជ្ជបណ្ឌិត គីម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤អ្នកជំងឺដែលចូលសំរាកនៅមន្ទីពេទ្យ រួមមាន គ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៣.១៦១ករណី អ្នកជំងឺលើសឈាម ១.០៧៨ ករណី អ្នកជំងឺទឹកនោមផ្អែម ៦៧១ ករណី ស្ត្រីមានជំងឺមហារីកស្បូន មាត់ស្បូន និងសុដន សរុប ៥ករណី ការព្យាបាល និងបន្សាបគ្រឿងញៀនសរុបទាំងថ្មី និងចាស់ ១០៣ករណី និងការព្យាបាលសុខភាពផ្លូវចិត្តសរុប ចំនួន ៩.៧៩៧ ករណីផងដែរ ៕