បុរសម្នាក់ដែលប្រជាពលរដ្ឋចោទប្រកាន់ថាបានឈូសឆាយព្រៃភ្នំថ្មីពង្រីកបន្ថែមចំការដំឡូងមី

0

អ៊ុក ផ្លុង
សៀមរាប÷ ខ្នាចកណ្ដាលស្ថិត នៅ ឃុំ ខ្វាវ ស្រុក ជីក្រែងជាតំបន់មួយប្រជុំទៅដោយភ្នំ ធ្លាប់មានដើមឈើធំតូចទេសភាពពណ៌បៃតង ស្រស់បំព្រងពោរពេញដោយសត្វព្រៃចម្រុះគ្រប់ប្រភេទ ជាទី មនោរម្យ។
តើ ភ្នំធម្មជាតិដ៏សម្បូរបែប ជាសម្បត្តិរដ្ឋទាំងនេះមានស្ថានភាពយ៉ាងណា បច្ចុប្បន្ន?
ដោយមាន សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មាន បុគ្គលម្នាក់ ឈ្មោះ សែម រស់ នៅ ភូមិ ខ្វាវ ឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប បានយកគ្រឿងចក្រ ទៅឈូសឆាយព្រៃភ្នំ ខ្នាច កណ្ដាល ពង្រីកបន្ថែមយ៉ាងអនាធិបតេយ្យ ដោយគ្មានជំនាញ ឬអាជ្ញាធរណាចុះទៅ បង្ក្រាប និងទប់ស្កាត់ទាល់តែសោះ?
ទន្ទឹមនឹងនោះដែរ នៅថ្ងៃ ទី ០៥ ខែ គុម្ភៈ ឆ្នាំ ២០២៥ អ្នកសារព័ត៌មាន បានទៅដល់ទីតាំងខាងលើ ឃើញថាពិតជាមាន ស្នាមគ្រឿងចក្របានឈូសឆាយព្រៃភ្នំថ្មីៗ ជាច្រើនហិកតាប្រាកដមែន។
ពាក់ព័ន្ធករណីខាងលើនេះ លោក សែម ជាជនសង្ស័យ ដែលប្រជាពលរដ្ឋ បានចោទប្រកាន់ថា បានយកគ្រឿងចក្រ ទៅឈូសឆាយព្រៃភ្នំខាងលើនេះ ឆ្លើយប្រាប់អ្នកសារព័ត៌មាន តាម ទូរស័ព្ទថា លោក មិនបាន ឈូសឆាយ ព្រៃភ្នំថ្មីទៀតទេ រីឯចំការដំឡូងមី របស់ លោក និងបក្ខពួក ៦នាក់ផ្សេងទៀត នៅប្លុក ភ្នំ ខ្នាចកណ្តាល ត្រូវ បាន លោក មេឃុំ ខ្វាវ ចេញ សំបុត្រអនុញ្ញាត អាចទិញលក់ដោយស្របច្បាប់។ បញ្ហាខាងលើនេះដែរ មេឃុំ ខ្វាវ លោក ធិន ភី បាន ឆ្លើយបំភ្លឺប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram ថា លោក គ្មានសិទ្ធិ ធ្វើសំបុត្រ អនុញ្ញាតឲ្យ ជនណាម្នាក់យក ភ្នំ ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ មកធ្វើ ជាកម្មសិទ្ធឯកជននោះទេ ហើយក៏មិនបានចេញសំបុត្រកម្មសិទ្ធិឱ្យលោក សែម និងបក្ខពួកយកភ្នំម្ដុំ ខ្នាចកណ្ដាលធ្វើជាកម្មសិទ្ធនោះដែរ។ បញ្ហានេះដែរ នាយសង្កាត់ រដ្ឋបាលព្រៃឈើ ខ្វាវ លោក ភោគ វីរៈ និងនាយផ្នែក រដ្ឋ បាល ព្រៃឈើ កំពង់ ក្ដី លោក សូរ ផល្លា ឆ្លើយតបអ្នកសារព័ត៌មាន តាម ទូរស័ព្ទ ថា សូមអ្នកសារព័ត៌មានរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ ផ្ញើរូបភាពបញ្ជាក់ទីតាំងច្បាស់លាស់ពួក លោក នឹងរៀបចំកម្លាំងចុះទៅពិនិត្យ។
ចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់រដ្ឋ មន្ត្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ឯកឧត្តម ឌិត ឌីណា និង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ មេត្តា ពិនិត្យមើល មន្ត្រី អា ជ័យ ចាំចំការ របស់ខ្លួន។ ថាតើ ត្រូវឲ្យ មុជទឹក ដុសក្អែល ព្យាបាល ឬក៏កាត់សាច់ស្អុយចោល? ហើយ ក៏ សំណូមពរឲ្យ ដកហូតចំការដំឡូងមីនៅចំណុចភ្នំកណ្ដាលយកមកដាំស្ដាកូនឈើឡើងវិញទាំងអស់ ព្រោះម្ចាស់ចំការទាំងអស់គ្នានេះ មិនចេះជួយថែរក្សាព្រៃភ្នំដែលសេសសល់ ព្រមទាំងឲ្យរកមុខ អ្នក ឈូសឆាយ ព្រៃភ្នំថ្មីឲ្យឃើញដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ប្រជាពលរដ្ឋ ព្រមានថា ដោយសារតែមន្ត្រី អាជ័យ ចាំចំការ ឬក៏មន្ត្រីមេមាន់ពង់លើស្រូវនេះឯង បានបើកភ្លើងខៀវយ៉ាងពេញទំហឹង ទើបជនល្មើសហ៊ានទន្រ្ទាន ឈូសឆាយព្រៃភ្នំ ឥតឈប់ឈរ ធ្វើឲ្យព្រៃ ភ្នំ ដែលជា សម្បត្តិធម្មជាតិ របស់រដ្ឋ ធ្លាប់តែមានដើមឈើធំតូច ទេសភាព ពណ៌ បៃតងស្រស់បំព្រង ពោរពេញទៅដោយសត្វចម្រុះ គ្រប់ប្រភេទ ប៉ុន្តែបច្ចុប្បន្ន ភ្នំទាំងអស់នេះបានក្លាយជាចំការដំឡូងមី និងចំការស្វាយចន្ទី ស្ទើរតែទាំងស្រុង ហើយ ៕