ខេត្តឧត្តរមានជ័យ៖ ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ខូវ លី បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងបាននាំយកអំណោយ រួមទាំងថវិកាមួយចំនួនរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត ជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ។
អំណោយរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត ដែលត្រូវចែកជូនកងកម្លាំងព្រំដែនគោកនាគ្រានោះ រួមមាន៖ ថវិកា ចំនួន ៨០ម៉ឺនរៀល មី ១៥កេស ភេសជ្ជៈ ២០កេស និងការ៉ុងច្រកដីសម្រាប់ធ្វើវាយ៉ូ ១៥០០ការ៉ុង ។
នៅក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនរបស់ ស្នងការនគរបាលខេត្តឧត្ដរមានជ័យ លោកឧត្តមសេនីយ៍ទោ ខូវ លី នៅពេលនោះ លោកស្នងការបានចុះជួប សំណេះសំណាល និងសួរសុខទុក្ខ កម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកចុងព្រិច នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ និងបន្តចុះត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន ត្រួតពិនិត្យចំណុចទីតាំងបង្គោលព្រំដែន ការកសាងអង្គភាព អគារស្នាក់ការ សម្ភារៈមធ្យោយបាយ ការថែរក្សាទុកដាក់សម្ភារៈប្រើប្រាស់អាវុធ គ្រាប់ និងណែនាំឱ្យបំពេញបន្ថែម នូវការងារចាំបាច់មួយចំនួនទៀត ផងដែរ។
ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ខូវ លី បានផ្តាំផ្ញើដល់កងម្លាំងប្រដាប់អាវុធព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ដើរល្បាតឱ្យបានជាប់ជាប្រចាំ ត្រូវមានកិច្ចសហការល្អប្រសើរជាមួយអង្គភាពយោធា ក៏ដូចជាកងកម្លាំងដែលនៅទល់មុខគ្នា បន្តខិតខំបំពេញទួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងបង្កើនស្មារតីសាមគ្គីភាព ពិសេសណែនាំឱ្យកងកម្លាំងទាំងអស់ ត្រូវថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ជាប្រចាំ និងបានឧបត្ថម្ភគ្រឿងបរិភោគ រួមទាំងថវិកាមួយចំនួនបន្ថែមទៀត ជូនដល់កម្លាំងយោធាការពារព្រំដែន ដើម្បីជាការលើកទឹកចិត្តផងដែរ៕ដោយ៖ឡុង សំបូរ