ខេត្តកំពត: ប្រធានសហគមន៍នេសាទត្រពាំងសង្កែ លោក ស៊ឹម ហីម បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៥នេះថា លោកនិងប្រជាសហគមន៍សប្បាយចិត្តយ៉ាងខ្លាំងដោយសារ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការសហការសម្របសម្រួលពីឯកឧត្តមម៉ៅ ធនិនអភិបាលខេត្តកំពត បានផ្តល់កាដូជាផ្លូវបេតុង ចំណតរថយន្ត និងសមិទ្ធផលជំរុញវិស័យទេសចរណ៍ជាច្រើនទៀត។
លោកបានបន្តថាគម្រោងមួយនេះនឹងជួយបង្កើនសេដ្ឋកិច្ចគ្រួសារប្រជានេសាទ ព្រោះវាជាដើមទុនមិនចេះរីងស្ងួត សម្រាប់ឲ្យប្រជានេសាទអាចបង្កើតមុខរបរបន្ថែម ដើម្បីមានប្រាក់ចំណូលប្រចាំថ្ងៃ។ ពិសេសជាងនេះ សហគមន៍បានទទួលការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ព្រមទាំងទទួលបានគម្រោងអភិវឌ្ឍុលើវិស័យទេសចរណ៍ កាន់តែទាក់ទាញជាងមុន និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើងថែមទៀត។
ភ្ញៀវទេសចរមកពីខេត្តតាកែវ កញ្ញា លី កញ្ញា បានបង្ហាញការយល់ឃើញថា សហគមន៍អេកូទេសចរណ៍ធម្មជាតិត្រពាំងសង្កែ ជាកន្លែងដែលទាក់ទាញស្រាប់ បើមានការជួយឧត្តម្ភគាំទ្រពីរាជរដ្ឋាភិបាលបែបនេះទៀត វាកាន់តែល្ពប្រសើរ។ កញ្ញាយល់ឃើញថា គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះពិសេសខ្លាំង ព្រោះពលរដ្ឋគ្រប់ទីកន្លែង មិនថាតំបន់ជនដាច់ស្រយាល ក៏បាននិងកំពុងទទួលនូវសមិទ្ធផលនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលអាចឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
តាមការបញ្ជាក់ សហគមន៍នេសាទត្រពាំងសង្កែមានតួនាសំខាន់ក្នុងការអភិរក្សធនធានសមុទ្រ ពិសេសដើមកោងកាង និងបានដាំបន្ថែមគិតរហូតមកល់បច្ចុប្បន្ន បានចំនួនជាង៣០ម៉ឺនដើម ហើយជាគោលការណ៍ សហគមន៍នឹងពង្រីកដីដាំដើមកោងកាងឲ្យបាន២១ហិកតាបន្ថែមទៀត ខណៈដែលបែចិញ្ចឹមត្រី នៅឆ្នាំ២០២៥នេះ ត្រូវពង្រីងឲ្យបានប្រមាណ៣០០បែ៕ សេង ណារិទ្ធ