អភិបាលរងខេត្តកំពង់ធំ ដឹកនាំមន្ត្រីរាជការ សិស្សានុសិស្សចូលរួមពិធីបុណ្យមាឃបូជា នៅវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ)

0

(កំពង់ធំ)៖ ឯកឧត្តម  ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងរួមនឹងព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង២០០នាក់ បានចូលរួមពិធីបុណ្យមាឃបូជា ដែលរៀបចំធ្វើឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ញឹក បានខេង ថ្លែងឱ្យដឹងថា បុណ្យមាឃបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយនៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលអ្នកកាន់សាសនាព្រះពុទ្ធទូទាំងពិភពលោកតែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំ មុនគ្រឹស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំបន្តថា ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងដោយសារហេតុ៣យ៉ាង៖ ទី១.ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ទ្រង់ធ្វើចតុអង្គសន្និបាត។ ទី២. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែង ឱវាទបាតិមោក្ខ។ ទី៣. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ ដែលទ្រង់នឹងចូលបរិនិព្វាន ៣ខែបន្ទាប់។

ឯកឧត្តម ញឹក បានខេង បានបញ្ជាក់ថាការរៀបចំពិធីបុណ្យសាសនានេះឡើងបានគឺដោយសារប្រទេសជាតិយើងបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសារសន្ដិភាពនេះហើយទើបយើងមានអ្វីៗដូចសព្វថ្ងៃ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្ដិភាពដែលរកបានដោយលំបាកនេះឲ្យស្ថិតស្ថេរគង់វង្សជានិរន្ត៍ ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិ សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋទាំងមូលកាន់តែរីកចម្រើន។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប